(ភ្នំពេញ)៖ បដិវត្តន៍ធំៗក្នុងប្រវត្តិសាស្ត្របាននាំទៅរកការផ្លាស់ប្ដូររបបនយោបាយពិភពលោក ប៉ុន្តែក៏បានបង្កឱ្យមនុស្សស្លាប់អស់មិនតិចនោះដែរ ក្នុងនោះបដិវត្តអាមេរិក ឆ្នាំ១៧៦៥-១៧៨៣ ក៏ជាបដិវត្តដ៏ធំគួរឱ្យកត់សម្គាល់មួយដែរ។

ភាពតានតឹងរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមទាំង១៣រដ្ឋរបស់ខ្លួននៅទ្វីបអាមេរិក (បច្ចុប្បន្នគឺសហរដ្ឋអាមេរិក) បានចាប់ផ្តើមកើតឡើងនៅឆ្នាំ១៧៦៥ ជាមួយការដាក់ចេញនូវគោលនយោបាយរឹតបន្តឹងពន្ធ Stamp Act ដែលកំណត់ការយកពន្ធកម្រិតធ្ងន់ពីដែនដីអាណានិគមទាំងនោះ ដើម្បីរក្សាតុល្យភាពជាមួយការចំណាយក្នុងសង្គ្រាម៧ឆ្នាំជាមួយបារាំង។ អំពើហិង្សារប៉េះរប៉ោះបានផ្ទុះឡើងដែនដីអាណានិគមទាំង១៣រដ្ឋ ខណៈក្រុមបាតុករដែលមិនពេញចិត្តចំពោះគោលនយោបាយរឹតបន្តឹងពន្ធនោះបាននាំគ្នាធ្វើសកម្មភាពប្រឆាំងជាបន្តបន្ទាប់។

ការបះបោរគួរឱ្យកត់សម្គាល់ជាងគេមួយបានកើតឡើងនៅឆ្នាំ១៧៧៣ នៅពេលដែលក្រុមអ្នកតវ៉ា Sons of Liberty បានប្លុងចោលកេសស្លឹកតែចំនួន៣៤២ប្រអប់ នៅក្នុងកំពង់ផែបឺស្តុន (Boston) ដើម្បីតវ៉ាចំពោះការដំឡើងពន្ធលើផលិតផលតែ ដែលវាជាព្រឹត្តិការណ៍មួយត្រូវបានគេស្គាល់ថា វិវាទតែនៅបឺស្តុន (Boston Tea Party)។ នៅឆ្នាំ១៧៧៤ ប្រតិភូរដ្ឋបាលចំនួន១២មកពីដែនដីអាណានិគមទាំង១៣រដ្ឋបានមកជួបជុំធ្វើសមាជ និងពិភាក្សាអំពីការផ្ដាច់ខ្លួនពីអំណាចអាណានិគមអង់គ្លេស (Continental Congress) មុនការឈានដល់ការប្រកាសឯករាជ្យ។ ដំបូងឡើយ ពួកគេមិនបានទាមទារឯករាជ្យដោយបើកចំហនោះទេ ប៉ុន្តែពួកគេបានថ្កោលទោសការយកពន្ធ ទាំងដែលពួកគេគ្មានតំណាងនៅក្នុងសភាអង់គ្លេសផងនោះ។

ចៀសមិនផុត សង្រ្គាមក៏បានផ្ទុះឡើងនាឆ្នាំ១៧៧៥ នៅសមរភូមិល្ស៉ីងតុន (Lexington) និងសមរភូមិខឺនខដ (Concord) នៅពេលដែលកងទ័ពអធិរាជអង់គ្លេសត្រូវបានបញ្ជូនឱ្យទៅរឹបអូសអាវុធ និងការផ្គត់ផ្គង់យោធារបស់ពួកនៅអាមេរិក។ នៅថ្ងៃទី៤ ខែកក្កដា នៃឆ្នាំបន្ទាប់នោះ សមាជសភារបស់រដ្ឋបានទាំង១៣រដ្ឋបានអនុម័តសេចក្តីប្រកាសឯករាជ្យ ហើយទីបំផុត សហរដ្ឋអាមេរិកក៏បានចាប់បដិសន្ធិជាផ្លូវការ។

អំពើហិង្សាបានបន្តអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់កងទ័ពរបស់លោក ចច វ៉ាស៉ីនតោន (George Washington) រួមជាមួយកងទ័ពបារាំងបានទទួលជ័យជម្នះដ៏សំខាន់លើកងទ័ពចក្រភពអង់គ្លេសនៅឯសមរភូមិយ៉កថោន (York Town) ក្នុងឆ្នាំ១៧៨១។ ជម្លោះក៏បានបញ្ចប់ជាផ្លូវការនៅ២ឆ្នាំក្រោយ តាមរយៈសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៧៨៣ ដែលអង់គ្លេសបានយល់ព្រមបោះបង់ចោលការទាមទារទាំងអស់លើសហរដ្ឋអាមេរិក៕