(ភ្នំពេញ)៖ សព្វថ្ងៃនេះពិភពលោកកំពុងប្រើប្រាស់ប្រតិទិនសុរិយាគតិមួយ ដែលមានឈ្មោះថា The Gregorian Calendar។ ប្រតិទិននេះត្រូវបានកំណត់មួយឆ្នាំមានរយៈពេល៣៦៥ថ្ងៃ ប៉ុន្តែស្ទើរតែរៀងរាល់បួនឆ្នាំម្ដង វាមានរយៈពេលដល់ទៅ៣៦៦ថ្ងៃ ដែលគេហៅថា «ឆ្នាំបង្គ្រប់ ឬ Leap Year» ហើយនៅក្នុងឆ្នាំបង្គ្រប់នេះ «ខែកុម្ភៈ» តែងតែមានចំនួន «២៩ថ្ងៃ»

ថ្វីដ្បិតមនុស្សភាគច្រើនបានដឹងអំពីមូលហេតុនេះ ប៉ុន្តែក៏នៅតែមានអ្នកមួយចំនួនទៀតនៅតែមានចម្ងល់ថា ហេតុអ្វីចាំបាច់ត្រូវមានថ្ងៃទី២៩ ខែកុម្ភៈ ឬឆ្នាំបង្គ្រប់នៅរៀងរាល់បួនឆ្នាំម្ដង? ចុះប្រសិនគ្មានឆ្នាំបង្គ្រប់នេះ តើនឹងមានអ្វីកើតឡើងមកលើការរស់នៅរបស់មនុស្ស?

ជាទូទៅ ខែកុម្ភៈមានត្រឹមតែ២៨ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែសឹងតែរៀងរាល់បួនឆ្នាំម្ដង ខែកុម្ភៈត្រូវបានគេបន្ថែម១ថ្ងៃលើសពេលធម្មតា។ នេះក៏ដោយសារតែប្រតិទិនសុរិយាគតិ យកតាមដំណើរគោចររបស់ផែនដីជុំវិញព្រះអាទិត្យ។

ក្នុងរយៈពេលមួយឆ្នាំ ផែនដីត្រូវចំណាយពេល៣៦៥ថ្ងៃ ៥ម៉ោង ៤៨នាទី និង ៤៥វិនាទី ដើម្បីវិលបានមួយជុំនៃព្រះអាទិត្យ។ ប៉ុន្តែនៅក្នុងប្រតិទិនសុរិយាគតិ គឺគេកំណត់ក្នុងមួយឆ្នាំមានរយៈពេលត្រឹមតែ៣៦៥ឆ្នាំគត់ប៉ុណ្ណោះ។ ដូច្នេះវាត្រូវនៅសល់៥ម៉ោង ៤៨នាទី និង ៤៥វិនាទីរៀងរាល់ឆ្នាំ ហើយប្រសិនជាយើងមិនបន្ថែម១ថ្ងៃនៅខែកុម្ភៈរៀងរាល់៤ឆ្នាំម្ដងទេ នោះយើងនឹងបាត់បង់រយៈពេលជិត៦ម៉ោងជារៀងរាល់ឆ្នាំចេញពីប្រតិទិនរបស់យើង។ បន្ទាប់ពី១០០ឆ្នាំក្រោយមក ប្រតិទិនរបស់យើងនឹងបាត់បង់រហូតដល់ចំនួន២៤ថ្ងៃ។

* តើគេអាចគណនារកឆ្នាំបង្គ្រប់ដោយរបៀបណា?
នៅក្នុងប្រព័ន្ធប្រតិទិនសុរិយាគតិមានក្បួនច្បាប់ចំនួន៣ ដើម្បីរកឆ្នាំបង្គ្រប់ គឺត្រូវតែជាចំនួនឆ្នាំដែលអាចចែកដាច់នឹង៤ តែបើសិនបើវាអាចចែកដាច់នឹង១០០ដែរ នោះវាមិនមែនជាឆ្នាំបង្គ្រប់ទេ លុះត្រាតែវាអាចចែកដាច់នឹង៤០០ដែរ ទើបវាក្លាយជាឆ្នាំបង្គ្រប់។

បើតាមក្បួននេះ មានន័យថា ឆ្នាំ២០០០ និងឆ្នាំ២៤០០ គឺជាឆ្នាំបង្គ្រប់ ប៉ុន្តែឆ្នាំ១៨០០ ឆ្នាំ១៩០០ ឆ្នាំ២១០០ ឆ្នាំ២២០០ ជាដើមនោះ មិនមែនជាឆ្នាំបង្គ្រប់នោះទេ។ ដូចនេះគ្រប់ឆ្នាំដែលអាចចែកដាច់នឹង៤ មិនមែនសុទ្ធតែជាឆ្នាំបង្គ្រប់ទាំងអស់នោះទេ៕