(​សេអ៊ូល)៖ កូរ៉េខាងត្បូង​បានអះអាងថា ខ្លួនចាប់បានសញ្ញានៃសារធាតុវិទ្យុសកម្ម xenon gas ចេញពីការបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង កាលពីដើម​ខែកញ្ញា ខណៈមកទល់ ពេលនេះទីក្រុង​សេអ៊ូលមិនទាន់​អាចបញ្ជាក់ឱ្យច្បាស់​ថា ការធ្វើតេស្ដនេះជាគ្រាប់បែក​អ៊ីដ្រូសែន ដូចទីក្រុង​ព្យុងយ៉ាង បានប្រកាសប្រាប់ពិភពលោក​នៅឡើយទេ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមគណកម្មការ​សុវត្ថិភាព និងសន្តិសុខ​នុយក្លេអ៊ែរ​កូរ៉េខាងត្បូង សារធាតុ​វិទ្យុសកម្ម xenon ត្រូវបានគេរកឃើញ​នៅភាគឦសាន​ នៃប្រទេសជាមួយស្លាក​ស្នាម xenon-133 isotope មិនមែនកើតឡើង​តាមបែប​ធម្មជាតិនោះទេ។ គណកម្មការ​មួយនេះ បានបញ្ជាក់​យ៉ាងដូច្នេះថា «វាគឺជារឿងលំបាក​ក្នុងការស្វែងរកថា តើការធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ​នេះ មានថាមពលកំរិតណា​ឱ្យប្រាកដ ជាមួយសារធាតុ​វិទ្យុសកម្ម Xenon​ ប៉ុន្តែ យើង​អាចនិយាយ​បានថា Xenon ពិតជាសាយ​ភាយមកពី​កូរ៉េខាងជើង»។

គួរបញ្ជាក់ថា Xenon គឺជាឧស្ម័នធម្មជាតិ​គ្មានពណ៌ ដែលត្រូវបានគេប្រើប្រាស់​ក្នុងការផលិត​កាំរស្មីពន្លឺ។ ប៉ុន្តែការរកឃើញ​សារធាតុ xenon-133 គឺជាសារធាតុវិទ្យុ​សកម្ម​មិនមែនកើតឡើង​ពីធម្មជាតិទេ ហើយវា​មានចាប់ពាក់ព័ន្ធ​នឹងការបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦ របស់កូរ៉េខាងជើង​កាលពី​ថ្ងៃទី០៣ ខែកញ្ញា៕