(​ប៉េកាំង)៖ ចិនបានបង្ហាញពីការអត់ធ្មត់ជាច្រើន ប្រឈមមុខ​នឹង​ការបង្ក​រឿងពី​សំណាក់​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ លើបញ្ហាពាន់ព័ន្ធនឹង​កោះ​តៃវ៉ាន់​​ក៏ប៉ុន្តែ​បើសិន​ជា លោក ត្រាំ នៅតែបន្ត​ធ្វើដូចនេះ​នៅពេលឡើង​កាន់​តំណែង ទីក្រុង​ប៉េកាំង​គ្មានជំរើស​អ្វី​ក្រៅ​តែ​ពីចាត់​វិធានការ​ឆ្លើយតប​នោះទេ។ នេះបើតាម China Daily ដែលដក​ស្រង់ការផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ទំនាក់ទំនង​រវាងចិន និងសហរដ្ឋ​អាមេរិក​បានស្គាល់​ភាពតាន​តឹង​សាជាថ្មី​បន្ទាប់ពី​លោក ដូណាល់ ត្រាំ បានសន្ទនា​តាមទូរស័ព្ទ​ជាមួយប្រធានាធិបតី​កោះតៃវ៉ាន់ ហើយមិន​តែ​ប៉ុណ្ណោះលោក ត្រាំ ផ្ទាល់​ក៏ធ្លាប់​បាន​អះអាងថា​នឹងលែងគោរព​គោលនយោបាយ​ចិនតែ​មួយទៀតផង។ ជាងនេះទៀតកាលពីថ្ងៃសោរ៍ សប្តាហ៍មុន លោក ត្រាំ ថែមទាំង​បញ្ជាក់ថា គោល​នយោបាយចិន​តែមួយអាច​នឹងត្រូវបានលើក​យកមកចរចា​ឡើងវិញ ខណៈទីក្រុងប៉េកាំងបានប្រតិកម្មភ្លាមៗថា គោល​នយោបាយ​នេះនឹង​មិនអាចយក​មកធ្វើការ​ចរចា​ឡើងវិញ​ជាដាច់ខាត។

ដោយឡែក​ជុំវិញ​ការលើក​ឡើងនេះ​ដែរ សារព័ត៌មានរដ្ឋចិន China Daily បាន​ព្រមាន​ថា «បើសិនជា​លោក​ដូណាល់ ត្រាំ នៅតែបន្ត​លេងល្បែង​នយោបាយ​លើកោះ​តៃវ៉ាន់ នៅពេល​លោកកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិកផ្លូវការទៀតនោះ ចិននឹងគ្មាន​ជម្រើសអ្វី​ក្រៅ​តែពីចាត់វិធានការ​ឆ្លើយតប​ឱ្យបានសាកសម​ទៅនឹងផល​ប៉ះពាល់​ដែល​បង្កឡើងដោយ​លោក ត្រាំ ហើយវា​នឹងក្លាយ​ជាតម្លៃ​​តបស្នងមួយ ធ្វើឱ្យប្រធានាធិបតី​អាមេរិក​ថ្មីរូបនេះ​ដឹងពីផលវិបាកដែលខ្លួនឯង​បានបង្កឡើង»

គួររំលឹកថា សហរដ្ឋអាមេរិក​បានទទួល​ស្គាល់គោល​នយោបាយចិន​តែមួយ នៅឆ្នាំ១៩៧៩ ដោយយល់​ព្រមចាត់​ទុកថា កោះតៃវ៉ាន់ គឺជាផ្នែកមួយ​នៃទឹកដី​របស់ចិនតែ​ប៉ុណ្ណោះ៕