(សេអ៊ូល)៖ សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង Rodong Sinmun បានវាយប្រហារ​​ដោយប្រើ​ពាក្យសម្តី​ធ្ងន់ៗ​ដាក់​ប្រធានាធិបតី​​អាមេរិក​​ជិតផុតអាណត្តិ​លោក បារ៉ាក់ អូបាម៉ា ដោយបាន​​ចំអកថា​នាពេលនេះ​លោក អូបាម៉ា កំពុងដើរចេញ​​ពី​សេតវិមាន​​ក្នុងនាម​ជា «ជនបរាជ័យ» ហើយ នៅក្នុងការ​​ប្រឈមមុខដាក់​គ្នា​ជាមួយ​​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នាព្រឹក​ថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។

នៅក្នុង​អត្ថបទ​​មួយ​មានចំណងជើង​ថា «ប្រវត្តិសាស្រ្ត​​នៃការ​គំរាម​​កំហែង​​នុយក្លេអ៊ែរ​​តែ​ម្ខាង​​របស់​​​សហរដ្ឋ​អាមេរិក​​ដែល​បានឈាន​​​ដល់​ទី​បញ្ចប់​» ដោយសារ​ព័ត៌មាន​​ប្រចាំថ្ងៃ​របស់​គណបក្សកាន់​អំណាច​កូរ៉េខាងជើង Rodong Sinmun នៅបញ្ជាក់​ជា​ដដែលៗ​ថា​ សហរដ្ឋអាមេរិក​បាន​​បង្កើន​ការ​គំរាមកំហែង​ដោយ​អាវុធនុយក្លេអ៊ែរ​ប្រឆាំងនឹងរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ជារៀងរាល់​ឆ្នាំ នៅ​អំឡុងពេល​នៃការដឹកនាំ​របស់​លោក​​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

សារព័ត៌មាន Rodong Sinmun បានសរសេរ​ថា «ការគំរាម​កំហែង​នៃអាវុធនុយក្លេអ៊ែរ​ និងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​របស់យើង​ ទីបំផុត​បានបង្ខំ​ឲ្យយើង​ក្លាយ​ជា​ប្រទេស​​ដ៏ខ្លាំងក្លា​មួយ​ដែលមាន​សមត្ថភាព​ក្នុងការបើកការ​វាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ ដែលនឹង​បញ្ចប់​នូវប្រវត្តិសាស្រ្ត​នៃការគំរាមហែង​នុយក្លេអ៊ែរ ហើយពេលនេះ​លោក បារ៉ាក់ អូបាម៉ា កំពុងតែ​ចាកចេញ​ពីសេតវិមាន​ក្នុងនាមជា​ «ជន​បរាជ័យ» នៅក្នុង​ការ​ប្រឈមមុខ​ដាក់គ្នាជាមួយ​ប្រទេស​កូរ៉េខាងជើង»

ដោយឡែក​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​មួយផ្សេង​ទៀត​ ក៏បាន​លើកឡើង​នៅថ្ងៃ​ជាមួយគ្នា​ដែរថា រដ្ឋាភិបាល​របស់​លោក អូបាម៉ា បាន​បង្កើត​កំហុស​យុទ្ធសាស្រ្ត​ នៅក្នុងគោល​នយោបាយ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង និង​បានបន្ថែមទៀត​ថា​ បើសិន​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​​អាមេរិក​ចង់ធ្វើអ្វី​ប្រកបដោយ​ឧត្តមគតិខ្ពស់ រូបលោក​ជាដំបូង​ត្រូវតែយល់​ឲ្យបាន​ច្បាស់ពី​កូរ៉េខាងជើង។ សារព័ត៌មាន​ដដែលនេះ​បានសរសេរ​យ៉ាង​ដូច្នេះ​ថា «អនាគត​រដ្ឋាភិបាល​អាមេរិកថ្មី​របស់លោក ដូណាល់ ត្រាំ នឹងទទួល​រងលទ្ធផល​ដ៏អាក្រក់​បំផុត​នៅក្នុងការ​ប្រឈមមុខ​ដាក់គ្នា​​ ជាមួយ​ទីក្រុង​ព្យុងយ៉ាង ប្រសិន​បើមិនប្រឹង​រៀនសូត្រ​ពីកំហុស​​នានា​របស់រដ្ឋាភិបាល​លោក អូបាម៉ា ទេនោះ»៕