(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីននៅថ្ងៃសុក្រ មិនញញើតអ្វីបន្តិចឡើយដោយបាននិយាយចំៗថា រាល់សកម្មភាពនានានៅពេល​អនាគតដែលធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក សំដៅប្រឆាំងទប់ទល់ក៏ដូចជាធ្វើការរាំងចិនពីប្រជុំកោះសិប្បនិម្មិតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅ​ក្នុង​ដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះដ៏​រកាំរកូសនោះ គឺតាមពិតដើម្បីតែការពារសិទ្ធិអំណាចផ្តាច់មុខ រួមនិងប្រយោជន៍ជាតិ​របស់​​ខ្លួន​ឯង​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៦។

​ការហាថ្លែងចំៗឥតលាក់លៀមបែបនេះរបស់រដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសហ្វីលីពីនលោក Perfecto Yasay ត្រូវបានធ្វើឡើង​ក្នុង​ន័យជាការឆ្លើយតបភ្លាមៗទៅនឹង​សំណួរមួយ នៅអំឡុងបទសម្ភាសន៍តាមកញ្ចក់ទូរស្សន៍ ស្តីអំពីការធ្វើអត្ថធិប្បាយរបស់បេក្ខភាពរដ្ឋមន្រ្តី​ការបរទេសអាមេរិកថ្មីគឺលោក Rex Tillerson ដែលបាននិយាយថា ប្រទេសចិនគួរតែត្រូវបានបិទសិទ្ធិអនុញ្ញាតមិនឲ្យធ្វើការចេញចូលនៅ​បណ្តាកោះនានាដែលខ្លួនបានសាងសង់ឡើង ដោយចិត្តឯងនៅលើដែនសមុទ្រមានវិវាទ។

លោក Yasay បានថ្លែងការយ៉ាងដូច្នេះថា «ពួកគេបាននិយាយថា ពួកគេនឹងរារាំងមិនឲ្យប្រទេស​ចិនបន្តធ្វើសកម្ម​ភាព​ដែល​ប្រទេស​មួយ​នេះ​ធ្លាប់តែធ្វើនៅតំបន់​សមុទ្រចិន​​ខាងត្បូង​ទៀតឡើយ... បើសិនជាពួកគេចង់ធ្វើអ៊ីចឹងមែននោះ ពួកគេមានកម្លាំងនិងអំណាចដើម្បីធ្វើដូច្នោះ​​បាន​... ឲ្យពួកគេធ្វើតាមតែអំពើចិត្ត​ទៅចុះ»

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានកសាងកោះសិប្បនិម្មិតមួយចំនួននៅដែនសមុទ្រចិនខាងត្បូង ដែលកាលពីឆ្នាំ២០១៦​ តុលាការ​មជ្ឈត្ត​កម្ម​​ទី​ក្រុង​​ឡា​អេ​​បាន​សម្រេច​ថាជាទង្វើខុសច្បាប់៕