(ប៉ារីស)៖ ជារៀងរាល់សប្ដាហ៍ក្រុមដ៏តូច​មួយ​ដែលគាំទ្រ ​បេក្ខភាព​ប្រធានាធិបតី​បារាំង​មកពី​គណបក្ស​រណសិរ្សជាតិ (Front National)​ លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ​កំពុងគិតគូររកវិធីសាស្ត្រ​ធ្វើយ៉ាងណា​ដើម្បីបញ្ចប់​នូវការគិត​របស់មនុស្ស​មួយចំនួន​ ដែលនិយាយថា​មិនអាចទៅរួច​ចំពោះជ័យជម្នះ​របស់លោក​ស្រី ឡឺប៉ែន នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​បារំាង នៅខែឧសភា​ខាងមុខ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

ក្រុមដ៏តូច​ខាងលើ​ដែលគាំទ្រ​លោកស្រី ម៉ារីន ឡឺប៉ែន មានសមាស​ភាពចំនួន ១០រូប​ដែលជាមន្រ្តីបក្ស និងជាអ្នកគាំទ្រ​បានជួប​ពិភាក្សាគ្នា​ជាលើកដំបូង​នៅអំឡុងពេល គណបក្ស​រណសិរ្សជាតិ​​បានចាប់ផ្ដើមធ្វើ​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត។ ក្រុមមួយនេះ​បានផ្ដល់យោបល់​ឱ្យលោកស្រី ឡឺប៉ែន និងមន្ត្រី​នានា​រៀបចំ​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​លោកស្រី ដោយជ្រើសរើស​ឱ្យ​បានល្អ​ពាក់ព័ន្ធ​នឹងទីតាំង​ ឬកន្លែងដែល​ត្រូវធ្វើពិធី​ជួបជុំ ក៏ដូចជាចេះ​លើកយក​បញ្ហាដែល​ដាស់​ការគិត​នៃប្រជាជន​បារាំង ការរៀបចំ​អ្វីដែលនិយាយ​ក្នុងយុទ្ធនាការ និងការធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅលើបណ្ដាញអ៊ីធើណែត​ជាដើម។  

ដោយឡែក​បើតាមការស្ទង់មតិ​មួយចំនួន លោកស្រី ម៉ារីន ឡឺប៉ែន ដែលជាអ្នក​នយោបាយ​ស្ដាំនិយមប្រឆាំង​វត្តមានជនភៀសខ្លួន និងអឺរ៉ុប​អាចនឹងឈាន​ដល់ជុំទី​២​ នៃការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារំាង​នៅ​ខែឧសភា ក៏ប៉ុន្តែលោកស្រី​ត្រូវបាន​គេមើល​ឃើញថា អាចនឹង​ចាញ់ក្នុងការ​បោះឆ្នោត​នេះត្បិត​ប្រជាជន​បារំាងភាគច្រើន​នៅតែមានគំនិត​អវិជ្ជមានទៅ​លើ​លោកស្រី។ ដូច្នេះទើប​ក្រុមគាំទ្រ​លោកស្រី​យល់ថា​ការប្រើប្រាស់ការផ្សព្វផ្សាយតាម​រូបភាព​ ក្នុងយុទ្ធការ​ឃោសនា​បោះឆ្នោត​អាច​នឹងផ្លាស់ប្ដូរ​ការគិត​នៃសាធារណជន​បារាំងបាន។

គួរបញ្ជាក់ថា លោកស្រី ម៉ារីន ឡឺប៉ែន គឺជាអ្នកនយោបាយ​ស្ដាំនិយមម្នាក់​នៅអឺរ៉ុបដែលមាន​ទំនោរ​​ប្រឆាំងនឹង​លំហូរ​​នៃ​ជនភៀសខ្លួន និងសហភាពអឺរ៉ុប ជាក់ស្ដែងកាល​ពីពេលថ្មីៗនេះលោកស្រីបាន​សន្យាថា បើសិនជាប់​ឆ្នោតជាប្រធានាធិបតី​បារាំង លោកស្រីនឹង​រៀបចំការ​បោះឆ្នោត​ប្រជាមតិ​មួយស្ដីពី Frexit ឬឱ្យបារាំង​ចាកចេញពី​សហភាពអឺរ៉ុប ក៏ដូចជា​ចេញពី​អង្គការ NATO ​ផងដែរ៕