(អ៊ីស្តង់ប៊ុល)៖ សមាជិក​សភា​ប្រទេសតួកគី​​បានផ្ទុះការឈ្លោះប្រកែក​​យ៉ាងតឹង​សរសៃកហូតដល់ថ្នាក់​ប្រតាយប្រតប់គ្នា​ទៀតផង​នៅក្នុងអំឡុង​​វេទិកា​​ជជែក​ដេញដោល​ ​អំពីការធ្វើវិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែលនឹង​​ពង្រីក​វិសាលភាព​​នៃអំណាច​​របស់​ប្រធានាធិបតី។ នេះបើតាម​​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋតួកគី Anadolu ដែលដក​ស្រង់ចេញ​ពីសារព័ត៌មាន CNN នៅមុននេះ​បន្តិច​នាព្រឹក​​ថ្ងៃ​សុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ហេតុការណ៍​ខាងលើ​បានផ្ទុះឡើង​នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ ភ្លាមៗ​​បន្ទាប់​ពី​​សមាជិក​​សភា​បក្ស​​ប្រឆាំង​​មួយ​​រូប​​គឺ​​លោក Ozgur Ozel បានស្តី​​បន្ទោសដាក់ក្រុម​សមាជិក​សភា​នៃគណបក្ស​កាន់អំណាច​យ៉ាងដូច្នេះ​ថា «ពួកអ្នកឯង​កំពុង​ព្យា​យាម​​បំផ្លាញ​ខ្លួន​ឯង​​នៅ​ពេល​​ដែល​​កញ្ចក់​ទូរទស្សន៍​ត្រូវបានបិទ ហើយគ្មាន​នរណា​ម្នាក់អាច​មើលឃើញទេ ពោលគឺដោយលាក់បាំង! ប៉ុន្តែពួក​យើង​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​​វា​​កើត​ឡើង​​បាន​ជា​ដាច់​​ខាត»។ នាពេលនោះ​អ្នកតំណាងរាស្រ្ត​​ទាំង​អស់​​កំពុង​តែ​​ជជែក​ដេញ​ដោល​​អំពី​​​ការដកចេញ​​នូវសិទ្ធិ​អំណាចរបស់សភា​តួកគី​ ក្នុងការត្រួតពិនិត្យ​ទៅលើ​រដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ដោយឡែកគ្រាន់តែលោក Ozel បានហាស្តី​​ដូចខាងលើ​បាន​បន្តិច​ ក្រុមសមាជិក​សភា​​នៃគណបក្ស​​ប្រឆាំង​ឈ្មោះថា «គណបក្សប្រជាជន​សាធារណរដ្ឋ​​» ដែលធំជាង​គេនៅ​តួកគី​បានឈរជុំ​វិញវេទិកាថ្លែងសារ​នៅក្នុងសភា​​ដោយពួតដៃរួមគ្នា​ជាប់ សំដៅ​កាន់កាប់ទី​កន្លែងនោះជាការសម្តែងការតវ៉ាប្រឆាំងយ៉ាងដាច់ខាត ប៉ុន្តែវាបែរជាបង្កឲ្យមានកា​រ​ប្រតាយប្រតប់​គ្នាយ៉ាងអាវាសែ រហូតបានបង្កឲ្យអ្នកតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់​នៃគណបក្សកាន់អំណាចបាក់ក្តោងច្រមុះ និងមួយចំនួនទៀតរងរបួសតិចតួច៕