(ប៉ារីស)៖ ប្រធានាធិបតី​​បារាំង​លោក ហ្រ្វង់ស័រ ហូឡង់ បានថ្លែងនៅ​ថ្ងៃសុក្រនេះថា រូបលោក​មានការ​ជឿជាក់​ខ្ពស់ថា ​កងកម្លាំងចម្រុះអន្តរ​ជាតិ​ និងកម្លាំងក្នុងស្រុករបស់​អ៊ីរ៉ាក់​ដែលកំពុង​ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម ISIS អាច​វាយ​រំដោះយក​ទីក្រុង Mosul ដែលជា​មូលដ្ឋាន​ស្នូលធំជាងគេ និង​ចុងក្រោយបំផុត​​របស់ក្រុម​សកម្មប្រយុទ្ធ​​នេះ​នៅក្នុង​ប្រទេសអ៊ីរ៉ាក់ឲ្យខ្ទេចនៅអំឡុងខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានរំកិល​ទៅ​មុខ​ដោយ​ជោគជ័យ​នៅតាម​ផ្នែកជាច្រើន​នៃទីក្រុងនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នា​ព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុមមន្រ្តីទូតដែលបានជួបជុំគ្នានៅទីក្រុងបារីសលោក ហូឡង់ បាននិយាយអះអាងyយ៉ាងដូច្នេះថា «នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ប្រតិបត្តិការ​ក្រុម​ចំរុះ​​ដែលទទួល​បានការ​អនុញ្ញាត​ក្នុងការវាយ​រំដោះយកទីក្រុង Mosul ជាផ្នែកដ៏ធំបំផុតនៃទឹកដីដែលបានបាត់បង់... សូមអគុណចំពោះ​​ការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​កងកម្លាំង​អ៊ីរ៉ាក់​ និងកងកម្លាំងឃើដ។ ដោយឡែកក្រុម ISIS កំពុងតែដកថយហើយ​គោលដៅ​ចម្បងបំផុត​គឺវាយ​បណ្តេញ​​​ក្រុមនេះ​ចេញពី​ទីក្រុង Mosul... ខ្ញុំគិតថាវាអាចទៅរួច... ក្នុង​ការ​វាយ​រំដោះ​ទីក្រុងនេះ​បានទាំង​ស្រុង​នៅមុន​ខែមិថុនា ឆ្នាំ២០១៧​នេះ»

គួរបញ្ជាក់ថា ប្រទេស​បារាំង​ស្ថិតនៅក្នុង​ចំណោម​សមាជិក​សហភាពអឺរ៉ុប ​ដែលបាន​ចូលរួម​ជាមួយកងកម្លាំង​ចំរុះដែលដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​ក្រុម ISIS ហើយយន្តហោះ​ចម្បាំង​របស់បារាំង​បានបន្ត​ធ្វើការវាយប្រហារ​ដោយទម្លាក់​គ្រាប់បែក ​ដើម្បី​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ចាប់​តាំងពី​ឆ្នាំ២០១៤​មក៕