(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំ Amazon បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងខិតខំធ្វើយ៉ាងបង្កើតការងារ​​ពេញម៉ោងឲ្យបាន​ចំនួន​១០០,០០០​កន្លែងនៅសហរដ្ឋអាមេរិក ដោយរួមជាមួយនូវផលប្រយោជន៍យ៉ាងពេញលេញនៅក្នុង​រយៈពេល១៨ខែ​ខាង​មុខ ពោលគឺនៅក្នុងឆ្នាំ២០១៨។ នេះបើតាមការ​ចេញ​ផ្សាយដោយសារព័ត៌មាន USA Today នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។  

មុខតំណែងដែលក្រុមហ៊ុន Amazon នឹងផ្តល់ជូនគឺសម្រាប់បុគ្គលិកនៅទូទាំងប្រទេសអាមេរិកទាំងមូល ក៏ដូចជា​សម្រាប់ ​អ្នកដែលមានជំនាញខុសៗគ្នាជាច្រើន និងអ្នក​ដែល​មានបទពិសោធន៍គ្រប់កម្រិត ហើយតួនាទីភាគច្រើនគឺ​ត្រូវ​បំពេញ​ការងារ​នៅ​តាមមជ្ឈមណ្ឌល​ដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលទាំង​មជ្ឈមណ្ឌលថ្មី​ដែលកំពុងស្ថិតក្រោមការសាងសង់នៅរដ្ឋ California, Florida, New Jersey, និង Texas។

លោក Jeff Bezos នាយកប្រត្តិបត្តិនិងស្ថាបនិករបស់ Amazon បានថ្លែងថា «គំនិតច្នៃប្រឌិតគឺកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោម​គោល​ការណ៍​ត្រួសត្រាយផ្លូវនៅ​ក្រុមហ៊ុន Amazon ហើយវាបានបង្កើតឡើងនូវការងាររាប់ម៉ឺនកន្លែងសម្រាប់ប្រជាជនអាមេរិក ហើយការងារ​ក៏​ដូចជា​មុខតំណែងទាំងនេះ គឺមិនមែនសម្រាប់តែ​នៅក្នុងបណ្តាទីស្នាក់​នៅទីក្រុង Seattle ឬមួយក៏នៅតំបន់ Silicon Valley នោះឡើយដោយ​ពួក​វា​​ស្ថិត​នៅ​តាម​ផ្នែកបម្រើអតិថិជន, មជ្ឈមណ្ឌលវេចខ្ចប់និងដឹកជញ្ជូន, និងកន្លែងផ្សេងៗទៀត​នៅ​ក្នុង​សហ​​គមន៍នានាទូទាំងសហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានខិតខំបង្កើនកម្លាំងពលកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រប​ពេលដែលក្រុមហ៊ុនកំពុង​ព្យាយាមជំរុញឲ្យមានការបើកមជ្ឈមណ្ឌលវេចខ្ចប់និងដឹកជញ្ជូនបន្ថែមទៀត ដើម្បីដឹកជញ្ជូនកញ្ចប់សម្ភារៈទៅដល់​ដៃអតិថិជនបាន​ឆាប់រហ័សជាងមុន។ កាលពីឆ្នាំ២០១១ ក្រុមហ៊ុន Amazon មានបុគ្គលិកត្រឹម៣០,០០០ប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមចុងឆ្នាំ​២០១៦​ វិញក្រុមហ៊ុនមានបុគ្គលិកសរុបដល់ទៅ​ចំនួន​១៨០,០០០នាក់៕