(អាមេរិក)៖ ខាងក្រោមនេះជាអត្ថបទដែលដកស្រង់ពីកម្មវិធីថ្លែងសុន្ទរកថា ត្រៀមបញ្ចប់អាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក ដែលទទួលបានពីសេតវិមាន ចេញផ្សាយដោយសារព័ត៌មាន Los Angeles Time នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។

ខាងក្រោមនេះជាខ្លឹមសាររបស់លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងដូចច្នេះថា៖

«ខណៈនេះ វាជាពេលវេលាដ៏សាកសមមួយក្នុងការវិលត្រឡប់ទៅរកកន្លែងដើមវិញ។ សហការី រួមជាមួយភរិយាខ្ញុំលោកស្រី Michelle និងខ្ញុំផ្ទាល់មានក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីទទួលបានសារជូនពរល្អៗ ដែលយើងទទួលបានក្នុងរយៈពេលពីរទៅបីសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែរាត្រីនេះដល់ពេលដែលខ្ញុំត្រូវថ្លែងអំណរគុណដល់អ្នករាល់គ្នាវិញម្តង។

មិនថាកន្លងមកយើងធ្លាប់បានដើរស្របគ្នា ឬប្រឆាំងគ្នាក្តី ប្រជាពលរដ្ឋអាមេរិកដែលមកពីគ្រប់ស្រទាប់វណ្ណៈ សុទ្ធតែបានជួយខ្ញុំឱ្យចេះរក្សាភាពស្មោះត្រង់ ជម្រុញលើកទឹកចិត្តខ្ញុំ និងជម្រុញខ្ញុំឱ្យបន្តដើរទៅមុខជានិច្ច។ ជារៀងរាល់ថ្ងៃខ្ញុំបានសិក្សាពីអ្នករាល់គ្នា។ អ្នកបានធ្វើឱ្យខ្ញុំក្លាយជាប្រធានាធិបតីដ៏ប្រសើរ មិនតែប៉ុណ្ណោះអ្នករាល់គ្នាក៏បានធ្វើឱ្យខ្ញុំក្លាយជាបុរសម្នាក់ដែលល្អជាមុនផងដែរ។

នៅពេលដែលខ្ញុំមកទីក្រុង Chicago នេះជាលើកដំបូងក្នុងពេលដែលខ្ញុំសិ្ថតក្នុងវ័យប្រមាណ២០ឆ្នាំ ក្នុងពេលនោះ ខ្ញុំនៅមិនទាន់ដឹងច្បាស់ថា តើខ្ញុំជាអ្នកណានៅឡើយ ខ្ញុំកំពុងស្វែងរកគោលដៅជីវិតរបស់ខ្ញុំ។ រំលឹកដល់ពេលមួយខ្ញុំកំពុងធ្វើការនៅព្រះវិហាជាមួយមនុស្សមួយក្រុម ក្រោមម្លប់នៃរោងចក្រមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនេះ។ ដងផ្លូវនេះហើយដែលខ្ញុំបានស្គាល់ជំនឿសេចក្តីថ្លៃថ្នូដ៏ស្ងប់ស្ងាត់របស់មនុស្ស ដែលកំពុងប្រឈមមុខនឹងការលំបាក និងការបាត់បង់។ នេះជាកន្លែងដែលខ្ញុំចាប់ផ្តើមដឹងថា ការផ្លាស់ប្តូរអាចកើតឡើងបាន លុះត្រាតែមនុស្សទាំងអស់រួមគ្នា សហការគ្នា និងពួតដៃគ្នាដើម្បីទាមទារការផ្លាស់ប្តូរនោះ។

រហូតមកទល់ពេលនេះ ខ្ញុំនៅតែមានជំនឿទៅលើការផ្លាស់ប្តូរ បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងនាមជាប្រធានាធិបតីរបស់អ្នករាល់គ្នា។ វាមិនមែនគ្រាន់តែជាជំនឿរបស់ ខ្ញុំម្នាក់ប៉ុណ្ណោះទេ។ វាជាបានប៉ះពាល់ដល់បេះដូងរបស់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប។ វាបានបញ្ជាក់ថា យើងគ្រប់គ្នាជាអ្នកបង្កើតភាពស្មើគ្នា វាកើតឡើងដោយសារការបង្កើតរួមគ្នា ជាមួយនឹងសិទ្ធសេរីភាព និងសុភមង្គលដ៏ពិតប្រាកដ។ សិទ្ធសេរីភាព ជាអំណោយដល់អស្ចារ្យបំផុត ដែលយើងទទួលបានពីបិតាស្ថាបនិកអាមេរិក។ វាជាសេរីភាពក្នុងការបំពេញក្តីសុបិន្តរបស់យើង ដោយប្រើប្រាស់កម្លាំងញើសឈាម ការលំបាក ការស្រមើស្រមៃ និងការប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលដ៏ប្រសើរជាងមុន។

អស់រយៈពេលជាង២៤០ឆ្នាំហើយ ដែលប្រជាជាតិយើងតែងតែបង្កើតការងារ និងគោលដៅសម្រាប់ជំនាន់ថ្មី។ វាជាការផ្តល់ឱ្យមនុស្សជ្រើសរើសរបបសាធារណរដ្ឋ ជំនួសរបបផ្តាច់ការ ធ្វើឱ្យពួកទាសករក្លាយទៅជាមនុស្សឈ្លាសវៃ ដើរលើផ្លូវឆ្ពោះទៅរកសេរីភាព។ មិនមែនមានន័យថា ប្រជាជាតិរបស់យើងគ្មានកំហុសទាល់តែសោះ តាំងពីការចាប់ផ្តើមនោះទេ ប៉ុន្តែមានន័យថា យើងមានសមត្ថភាពក្នុងការផ្លាស់ប្តូរ និងធ្វើឱ្យជីវិតមនុស្សប្រសើរឡើង ពិសេសសម្រាប់អ្នកដែលដើរតាមមាគ៌ា របស់អាមេរិក។

ជាការពិតដែលថា ដំណើរការទៅមុខរបស់យើងមិនមានភាពរលូនរហូតនោះទេ ជាក់ស្តែងការពង្រីកឥទ្ធិពលនៃលទ្ធិប្រជាធិបតេយ្យ មិនមែនជារឿងងាយស្រួលនោះទេ វាបានបង្កឱ្យមានរឿងវិវាទ និងការបង្ហូរឈាមគ្នា។ គ្រប់ពេលដែលយើងបោះជំហានទៅមុខបានពីរជំហាន យើងតែងតែមានអារម្មណ៍ថា កំពុងដើរថយក្រោយមួយ ជំហានទៅវិញ។ ប៉ុន្តែក្នុងដំណើរដ៏វែងឆ្ងាយរបស់សហរដ្ឋអាមេរិកបានកំណត់ថា ត្រូវតែបន្តដំណើរឆ្ពោះទៅមុខជានិច្ច។

ត្រឡប់ទៅកាលពី៨ឆ្នាំមុន ប្រសិនបើនៅពេលចាប់ផ្តើមកាន់អំណាចភ្លាម ខ្ញុំប្រាប់អ្នកថា អាមេរិកនឹងមានការផ្លាស់ប្តូរដ៏ធំធេង យើងនឹងបង្កើតការងារសម្រាប់មនុស្ស បើកទំព័រថ្មីក្នុងទំនាក់ទំនងជាមួយប្រទេស គុយបា ទប់ស្កាត់រាល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស អ៊ីរ៉ង់ដោយគ្មានការបង្ហូរឈាម ព្រមទាំងផ្តល់ធានារ៉ាប់រងសុខភាព មនុស្សទាំង២០លាននាក់ នោះអ្នកអាចនឹងគិតថាទស្សនវិស័យរបស់ខ្ញុំហាក់ដូចជាខ្ពស់បន្តិចហើយ។ ប៉ុន្តែការពិតទៅ ទាំងនេះសុទ្ធតែជាអ្វីដែលយើងសម្រេច បានពិតមែន យើងធ្វើឱ្យមានការផ្លាស់ប្តូរ យើងបានឆ្លើយតបដើម្បីផ្តល់ក្តីសង្ឃឹមដល់មនុស្ស ហើយអាមេរិកកាន់តែខ្លាំងជាងមុន និងរឹងមាំជាងពេលដែលយើងបានចាប់ផ្តើម។

ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខ ពិភពលោកនឹងធ្វើជាសាក្សីនៃការផ្ទេរតំណែងពីប្រធានាធិបតីមួយរូប ទៅប្រធានាធិបតីមួយរូបទៀត ដោយសន្តិភាព។ ខ្ញុំបានសន្យាជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ថា រដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់ខ្ញុំ នឹងធានាផ្ទេរតំណែងដល់លោក ប្រកបដោយភាពរលូនបំផុត មិនខុសពីពេលដែលប្រធានាធិបតី Bush ផ្ទេរដល់ខ្ញុំដូចគ្នា។

បន្ទាប់មក អាមេរិកនៅតែជាប្រទេសអ្នកមាន ជាប្រទេសមហាអំណាច និងជាប្រជាជាតិគួរជាទីគោរពសម្រាប់ពិភពលោកទាំងមូល។ យុវជនរបស់យើង អំណាចរបស់យើង និងសមត្ថភាពគ្មានដែនកំណត់របស់យើងដើម្បីទប់ទល់នឹងហនីភ័យ ហេតុនេះអនាគតទាំងមូលគួរតែជារបស់យើងដូចគ្នា។ ប៉ុន្តែសក្តានុពលទាំងនេះ អាចត្រូវបានទទួលស្គាល់ លុះត្រាតែលទ្ធិប្រជាធិបតេយ្យអាចដំណើរទៅមុខបាន។ អ្វីដែលខ្ញុំចង់ផ្តោតសំខាន់នារាត្រីនេះគឺ លទ្ធិប្រជាធិបតេយ្យ។

ត្រូវយល់ថា លទ្ធិប្រជាធិបតេយ្យ មិនទាមទាមភាពយល់ស្របគ្នាទាំងស្រុងរហូតនោះទេ។ ស្ថាបនិករបស់យើង ពេលខ្លះតែងតែវិវាទគ្នាតែសំខាន់ពួកគេ សម្របសម្រួលគ្នា ដោយសង្ឃឹមថាប្រជាពលរដ្ឋជំនាន់ក្រោយអាចដើរតាមមាគ៌ាបែបនេះដូចគ្នា។ ស្ថាបនិករបស់យើងដឹងថា លទ្ធិប្រជាធិបតេយ្យ មិនទាមទាមូលដ្ឋាននៃភាពស្របគ្នារហូតនោះទេ តែយើងត្រូវដួល ឬងើបឡើងរួមគ្នា។

ក្នុងទំព័រប្រវត្តិសាស្ត្រអាមេរិកគឺនាដើមសតវត្សរ៍ទី២១នេះ យើងធ្លាប់ទទួលរងការគំរាមកំហែងរហូតបំបែកសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋអាមេរិក។ ពេលនោះពិភពលោកកំពុងធ្លាក់ចុះ វិសមភាពចាប់ផ្តើមកើតឡើង តួលេខប្រជាសាស្ត្រមានការផ្លាស់ប្តូរ ហើយភេរវកម្មក៏កើតឡើងដូចគ្នា។ សម្ពាធទាំងនេះ មិនត្រឹមតែធ្វើការពិសោធន៍ពីកម្រិតសន្តិសុខ និងភាពរុងរឿងរបស់យើងប៉ុណ្ណោះទេ វាថែមទាំងដកពិសោធន៍ពីលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកដូចគ្នា។ ការហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីការពារលទ្ធិប្រជាធិបតេយ្យ អាចការបញ្ជាក់ពីសមត្ថភាពរបស់យើងក្នុងការអប់រំកុមារ បង្កើតការងារ និងការពារដែនដីកំណើតរបស់យើង។ ម្យ៉ាងវិញទៀត វាជាការកំណត់អនាគតរបស់យើងផងដែរ។

ប៉ុន្តែលទ្ធិប្រជាធិបតេយ្យក៏មិនអាចដំណើរការទៅបាន ដោយគ្មានសេដ្ឋកិច្ចជាខ្នងបង្អែកបានដែរ។ សព្វថ្ងៃសេដ្ឋកិច្ចកំពុងកើនឡើងជាថ្មីម្តងទៀត ប្រាក់ឈ្នួល ប្រាក់ចំណូល តម្លៃផ្ទះ និងគណនីចូលនិវត្តន៍កំពុងកើនឡើងជាថ្មី ខណៈដែលភាពក្រីក្រកំពុងធ្លាក់ចុះ។ បណ្តាអ្នកមានតម្រូវឱ្យបង់ពន្ធយ៉ាងយុត្តិធម៌ បើទោះបីជាទីផ្សារភាគហ៊ុន កំពុងជួបបញ្ហាក្តី។ ជាមួយគ្នានេះដែរ ភាពឥតការងារធ្វើកំពុងធ្លាក់ចុះទាបបើធៀបនឹងរយៈពេលជាង១០កន្លងមកនេះ។ ចំណែកតម្លៃសេវាកម្មថែរទាំសុខភាព កំពុងកើនឡើងក្នុងកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។

ប្រសិនបើគ្រប់គ្នាអាចដាក់ចេញនូវគម្រោងរួមគ្នា ដើម្បីទប់ស្កាត់ការចំណាយក្នុងសេវាកម្មនេះ ខ្ញុំនឹងគាំទ្រទៅលើគម្រោងនេះដោយបើកចំហរជាសាធារណៈ។
ទាំងអស់នេះជាអ្វី ដែលយើងបម្រើប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេប្រសើរជាងមុន មិនមែនអាក្រក់ជាងមុននោះទេ។ ជាអកុសល ស្ថានភាពជាក់ស្តែង វាមិនគ្រប់គ្រាន់ដូចការគ្រោងទុកនោះទេ។ សេដ្ឋកិច្ចរបស់យើងមិនទាន់ដំណើរការល្អ ឬកំណើនឆាប់រហ័សសមស្របនៅឡើយ។

គ្មានមធ្យោបាយណាមួយដែលរហ័សក្នុងការដោះស្រាយនិន្នាការមួយ ដែលបានអូសបន្លាយក្នុងរយៈពេលជាយូរមកហើយបាននោះទេ។ ខ្ញុំយល់ស្របថា វិស័យពាណិជ្ចកម្មដែលអាចជោគជ័យបានគឺត្រូវតែត្រឹមត្រូវ មិនមែនគ្រាន់តែមានសេរីភាពម្យ៉ាងនោះទេ។ ប៉ុន្តែបំលាស់ប្តូររលកក្រោយនៃសេដ្ឋកិច្ចអាមេរិក មិនមែនមកពីក្រៅប្រទេសនោះទេ។

វាបណ្តាលមកពីសេរីភាពនៃការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចផលិតទំនិញបានជាច្រើន ជាហេតុនាំឱ្យមនុស្សបាត់បង់ការងារធ្វើ។ ហេតុនេះយើងចាំបាច់ ត្រូវបង្កើតសង្គមថ្មីមួយ ដើម្បីធានាបានថា កុមាររបស់យើងអាចទទួលបានការអប់រំគ្រប់គ្រាន់តាមដែលគេត្រូវការ ផ្តល់អំណាចដល់កម្មករក្នុងការបង្កើតសហជីព និងទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន ធ្វើកំណែទម្រង់សុវត្ថិភាពសង្គម ដើម្បីឆ្លុះបញ្ជាំងពីរបៀបដែលយើងរស់នៅ និងបង្កើតទម្រង់ពន្ធកូដ ហេតុនេះ បណ្តាក្រុមហ៊ុន និងសាជីវកម្មឯកជនដែលទទួលផលពីមុខរបរច្រើនជាងគេ មិនអាចជៀសផុតពីកាតព្វកិច្ចបង់ពន្ធបានឡើយ។ ក្រៅពីនេះ យើងអាចជជែកពិភាក្សាគ្នាដើម្បីស្វែងរកមធ្យោបាយបានល្អបំផុតដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។ ប្រសិនបើយើងមិនបង្កើតឱកាសសម្រាប់មនុស្សគ្រប់គ្នា នោះភាពមិនសប្បាយចិត្ត និងការបែកបាក់ក្នុងសង្គមនឹងរារាំងដល់ដំណើរការទៅមុខក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

អ្វីដែលខ្ញុំបានកត់សម្គាល់ច្រើនបំផុតក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គឺខ្ញុំទទួលបានថាមពលដ៏ខ្លាំងក្លាពីអ្នកទាំងអស់គ្នា ខ្ញុំព្យាយាមឆ្លុះបញ្ចាំងជារៀងរាល់ថ្ងៃអំពីទឹកចិត្ត ឥរិយាបទ និងទស្សនវិស័យរបស់អ្នក។ ខ្ញុំតែងតែសម្លឹងមើលពីភាពរីកចម្រើន ការរៀបអាពាហ៌ពិពាហ៌ មានកូន និងចាប់ផ្តើមនូវដំណើរជីវិតដោយខ្លួនអ្នក។ អ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពបំផុតលើសអ្វីដែលយើងសម្រេចបាននោះគឺ អ្វីដែលអ្នកសម្រេចបានពីទីនេះ។

អ្នករាល់គ្នាដែលនៅទីនេះ អ្នកជាអ្នកគាំទ្រខ្ញុំដ៏អស្ចារ្យ ខ្ញុំពិតជាមានភាពអំណរជាខ្លាំង។ ជាការពិតដោយសារអ្នក គឺបានផ្លាស់ប្តូរពិភពលោកទាំងមូល។

ហេតុនេះបានជាខ្ញុំ ចាកចេញពីវេទិការក្នុងនាមជាប្រធានាធិបតីនៅពេលនេះ ពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសហរដ្ឋអាមេរិក ជាងពេលដែលខ្ញុំទើបតែចាប់ផ្តើមកាន់ដំណែងនេះ។ ដោយសារខ្ញុំជឿជាក់ថា ការងាររបស់យើងរាល់គ្នាមិនត្រឹមតែជួយដល់ប្រជាពលរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏ជាការជម្រុញប្រជាពលរដ្ឋអាមេរិកផងដែរ ជាពិសេសយុវវ័យ។ ជឿជាក់ថាអ្នកអាចធ្វើឱ្យមានការផ្លាស់ប្តូរ។ ជំនាន់នេះកំពុងបន្តដំណើរទៅមុខ មិនអាត្មានិយម

ប្រជាជាតិអាមេរិករបស់ខ្ញុំ វាជាកិត្តិយសបំផុតសម្រាប់ខ្ញុំក្នុងការបម្រើអ្នក។ ជាការពិតបើទោះបីខ្ញុំឈប់កាន់ដំណែងជាប្រធានាធិបតី តែខ្ញុំនឹងមិនឈប់ដាច់ខាត ខ្ញុំនឹងបន្តនៅជាមួយអ្នក ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដើម្បីបម្រើអ្នក សម្រាប់ពេលវេលាដែលនៅសេសសល់សម្រាប់ខ្ញុំ។ បច្ចុប្បន្ន មិនថាអ្នកនៅក្មេង ឬយ៉ាងណា ខ្ញុំស្នើអ្នកទាំងអស់គ្នា ត្រូវជឿជាក់ថា ការផ្លាស់ប្តូរដែលកើតឡើងក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ មិនមែនបានដោយសារសមត្ថភាពរបស់ខ្ញុំនោះទេ តែបានមកដោយសារអ្នករាល់គ្នា។

ខ្ញុំសូមឱ្យអ្នកជឿជាក់ ព្រមទាំងចាំទុកអំពីគំនិតនៃការផ្លាស់ប្តូរនេះ ដែលមានប្រភពមកពីក្រុមទាសករ ជនអន្តោប្រវេសន៍ និងមនុស្សផ្សេងៗទៀត ដែលធ្វើការងើបឡើងបះបោរដើម្បីទាមទារយុត្តិធម៌ វាជាគោលគំនិតដែលស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋអាមេរិកគ្រប់រូប។
ជាការពិត អ្នកអាចធ្វើបាន ហើយអ្នកបានសម្រេចកិច្ចការនោះហើយ អ្នកពិតជាអាចធ្វើបាន។ ជាចុងក្រោយអរគុណអ្នកទាំងអស់គ្នា សូមព្រះជាម្ចាស់បន្តផ្តល់ពរដល់សហរដ្ឋអាមេរិក»៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា