(ម៉ានីល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរមកដល់​ប្រទេសហ្វីលីពីនហើយ នៅថ្ងៃព្រហស្បតិ៍នេះ ហើយលោកក៏បានក្លាយជា​មេដឹកនាំ​បរទេស​ទីមួយ​ផងដែរ ដែលមក​បំពេញ​ទស្សនកិច្ច​នៅហ្វីលីពីន​ដើម្បីជួបពិភាក្សា​ជាមួយប្រធានាធិបតី​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាម​ការចេញ​ផ្សាយ​នៅមុននេះ​បន្តិច​ដោយ Channel News Asia នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

គ្រប់គ្នាពិតជា​មើលឃើញ​ថា​​ប្រទេសជប៉ុន កំពុងតែ​ព្យាយាមបង្កើន​ចំណងមិត្តភាព​ឲ្យកាន់តែស្អិត​ល្មួត​​ជាមួយ​នឹងហ្វីលីពីន ក៏ព្រោះតែនៅក្នុងរដ្ឋបាលដឹកនាំរបស់លោក ឌូតឺតេ ប្រទេសហ្វីលីពីនបាននិងកំពុងរំកិលខ្លួន​កាន់តែ​ឆ្ងាយពី​សហរដ្ឋអាមេរិក រួចទៅជិត​ស្និទ្ធ​ជាមួយនឹង​ប្រទេសចិន និងរុស្ស៊ី​វិញ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​នៅហ្វីលីពីន លោក អាបេ នឹងបន្តដំណើរទៅកាន់ប្រទេស អូស្ត្រាលី ឥណ្ឌូណេស៊ី និងវៀតណាម​ដែលគេរំពឹងថា ជាគោលដៅក្នុងការពង្រឹងវិស័យពាណិជ្ជកម្មរបស់ជប៉ុនក្នុងតំបន់ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា​មុនចាកចេញពី​ទីក្រុងតូក្យូ មកកាន់ទីក្រុងម៉ានីល លោក អាបេ បានប្រាប់អ្នក​សារព័ត៌មាន​នានា​យ៉ាងដូច្នេះថា «ខ្ញុំចង់ធ្វើការផ្លាស់ប្តូរ​ទស្សនជុំវិញ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី និងបញ្ហាក្នុងតំបន់ទាំងឡាយ ហើយក៏ចង់ឆ្លៀតឱកាសក្នុងការពិភាក្សាស្វែងរកដំណោះស្រាយដែលអាចទៅរួច​ដើម្បីរក្សាឲ្យបាននូវ​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»

ដោយឡែកជុំវិញសង្គ្រាមគ្រឿងញៀន ដែលសារព័ត៌មាន​នានាចុះផ្សាយ​ថា​បានឆក់យក​ជីវិត​មនុស្ស​ជាង ៦.០០០នាក់​ក្នុងរយៈពេល​កន្លះឆ្នាំនោះ​វិញ រដ្ឋាភិបាល​ជប៉ុន​មិនបាន​ធ្វើការរិះគន់​ចំពោះអ្វី​ដែល​ពិភពលោក​​បានថ្កោលទោសហ្វីលីពីនជាច្រើនដង​​នោះឡើយ ក៏ព្រោះតែលោក ឌូតឺតេ កាលទៅបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុងតូក្យូ បានបង្ហាញពីជំហរទន់ភ្លន់ដោយធ្វើការកោតសរសើរ និងដឹងគុណជានិច្ចចំពោះជប៉ុន ដែលជាអ្នកជួយ​ហ្វីលីពីន​ច្រើនជាងគេ​កន្លងមក៕