(សេអ៊ូល)៖ អតីត​អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ (UN) លោក បាន គីមូន ដែលនឹង​ធ្វើដំណើរ​វិលត្រឡប់​​មក​ដល់​​ប្រទេស​កំណើត​​វិញ​នៅល្ងាច​ថ្ងៃព្រហស្បតិ៍នេះ​​ នៅតែបន្តស្ថិត​នៅលេខរៀង​ទីពីរ​ក្នុងការស្ទង់មតិ​ស្តីពី​ បេក្ខភាព​ដែលសាកសម​នឹងតំណែង​ប្រធានា​ធិបតី​​កូរ៉េខាងត្បូងថ្មី ដែលត្រូវ​បានធ្វើឡើង​ជាបន្ត​បន្ទាប់​នារយៈពេល​ពីរសប្តាហ៍​កន្លងមក។ នេះបើតាម​ការបង្ហាញពី​ការស្ទង់មតិ​​ចុងក្រោយ​​​បំផុត​មួយ​ ដែលចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

យោងតាម​ការស្ទង់មតិ​ខាងលើ​ដែលមាន​ការចូលរួម​ពី ប្រជាជនកូរ៉េខាងត្បូងចំនួន ១,៥១១នាក់ និងត្រូវ​បាន​ធ្វើឡើង​នៅចន្លោះថ្ងៃចន្ទ​​រហូតដល់​ថ្ងៃពុធសប្តាហ៍នេះ​បាន​បង្ហាញថា​ លោក បាន គីមូន ដែលទើបតែ​បានបញ្ចប់អាណត្តិ​ទីពីរ​​ជាប្រមុខដឹកនាំ​​កំពូល UN កាលពីចុងឆ្នាំ២០១៦ មានសំឡេង​គាំទ្រ​ ២០.៣ភាគរយ ហើយអត្រានេះ​បានអត្រា​បានធ្លាក់ចុះ ១.២ភាគរយប្រៀបធៀបនឹង​សប្តាហ៍មុន។

ដោយឡែក​បន្ទាប់ពី​បានប្រគល់​តំណែង​ជា​អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ​ ទៅឲ្យអតីត​នាយករដ្ឋ​មន្រ្តី​ព័រទុហ្គាល់ Antonio Guterres លោក បាន គីមូន ត្រូវគេ​រំពឹងថា​នឹងមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​មួយកន្លែង​ដែលស្ថិត​នៅ​ទីក្រុង Incheon ភាគខាងលិច​ប្រទេសកូរ៉េ​ខាង​ត្បូង​​នាវេលាម៉ោង​ប្រហែល​ ៥៖០០នាទីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ (ម៉ោងនៅក្នុងរដ្ឋធានីសេអ៊ូល)។

គួរបញ្ជាក់ដែរថាបុគ្គល​ដែលបន្តគ្រប់គ្រង​លេខរៀង​ទីមួយជាប់ៗ​គ្នា​ក្នុងរយៈពេល​ពីរ​សប្តាហ៍នេះ​នៅក្នុង​ការស្ទង់​មតិ​វិញ​គឺលោក Moon Jae-In ដែលជា​អតតីប្រធាន​គណបក្ស​ប្រឆាំង Minjoo ដ៏ធំជាងគេ​បង្អស់​នៅ​កូរ៉េខាងត្បូងជាមួយនឹង​សំឡេងគាំទ្រ​ ២៧.៩ភាគរយ​នៅ​ក្នុង​​ការស្ទង់​​មតិ​​នា​សប្តាហ៍​នេះ៕