(ប៉េកាំង)៖ យោធាចិនបានបញ្ចេញនាវាឈ្លបយកការណ៍អេឡិចត្រូនិកប្រភេទថ្មីមួយ ដែលខ្លួនទើបតែអភិវឌ្ឍន៍បាន​សម្រេច ហើយវាគឺជាការបង្កើន​សមត្ថភាព​ចំពោះ​កងនាវា​ល្បាតរបស់ចិន​​នៅតាមដែនទឹកសំខាន់ៗ ខណៈជម្លោះ​នៅ​តំបន់​សមុទ្រចិនខាងត្បូង​មិនទាន់មាន​ភាពធូរស្រាល​នៅឡើយ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ Channel News Asia នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

កងទ័ព​រំដោះ​ប្រជាជានចិន (PLA) បានសម្រេច​បញ្ចេញ​នាវា​ឈ្លបខាងលើនេះ​រហូតដល់ទៅ ០៦គ្រឿង​ឯណោះ ហើយថែមទាំងបាន​បញ្ជាក់ថា «វាគ្មានរឿងអ្វីដែលចិន​ត្រូវលាក់បាំងនោះឡើយ» រួមទាំងការ​ដាក់ឲ្យ​ដំណើរការនាវាមុនៗកន្លងមក។ កាលពីឆ្នាំមុន PLA បានបញ្ចេញនាវាចំនួន ១៨គ្រឿងក្នុងនោះរួមមានទាំង​ នាវាពិឃាត​គ្រាប់មីស៊ីល នាវាប្រឆាំងកាំជ្រួច និងនាវាទំនើបដើម្បីការពារសន្តិសុខផងដែរ។

គួរបញ្ជាក់ថាប្រទេសចិន​ក៏បានរំលឹកផងដែរពី ការសាងសង់នាវា​ដឹកយន្តហោះចម្បាំង​ទីពីរ​របស់ខ្លួន​ដែលនឹង​ក្លាយ​ជា​ដៃគូ​របស់ Liaoning  ខណៈនាវាមុជទឹក​ទីមួយនេះ​គឺជារបស់​ចាស់សល់ពីសម័យ​អតីតសហភាព​សូវៀតប៉ុណ្ណោះ។ បច្ចុប្បន្នប្រទេសចិន​និងកោះតៃវ៉ាន់ ក៏កំពុងតែមាន​ការប្រឈមមុខ​ដាក់គ្នា​ផងដែរ ដោយសារតែ​ទំនោរ​របស់​កោះតៃវ៉ាន់ ទៅរក​សហរដ្ឋអាមេរិកកាន់ស្និទ្ធស្នាល ហើយ​ប្រធានាធិបតី​កោះតៃវ៉ាន់​បច្ចុប្បន្ន​ក៏ជាមេដឹកនាំ​ដែលចង់បានឯករាជ្យ​សម្រាប់កោះនេះថែមទៀត៕​