(អាមេរិក)៖ ស្តាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ស្តីបន្ទោសអ្នកកាសែត និងបកស្រាយពី​ទំនាក់ទំនង​ជាមួយប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ក្នុងសន្និសីទ​សារព័ត៌មាន​ដំបូងរបស់លោក ដែលបានធ្វើឡើងនៅក្នុងអគារពាណិជ្ជកម្ម Trump Tower ក្នុងទីក្រុងញូយ៉ក។

សន្និសីទសារព័ត៌មាននោះ លោកបានអញ្ជើញ​​ភ្នាក់ងារសារព័ត៌មាន​ល្បីៗ​ជាច្រើនចូលរួម ក្នុងនោះមានទាំងសារព័ត៌មាន​ប្រឆាំង និងគាំទ្ររូបលោក​ផងដែរ។ នេះបើតាម​ការផ្សាយ​របស់​សារព័ត៌មាន BBC ដែលត្រូវបាន​ដកស្រង់នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ​ទី១២ ខែ​មករា ឆ្នាំ២០១៧។

ខាងក្រោមនេះគឺជាសកម្មភាព​ក្នុងសន្និសីទ​សារព័ត៌មាន ដែលហាក់មានភាពរកាំរកូសពាក្យសម្តីខ្លាំង រវាងលោក ដូណាល់ ត្រាំ និងអ្នកសារព័ត៌មាន CNN ព្រមទាំងទំនាក់ទំនងរវាងលោក និងលោក ពូទីន៖

CNN​៖ លោកប្រធានាធិបតី​ជាប់ឆ្នោត ចាប់តាំងពី​លោកស្ដីបន្ទោសឱ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់យើង....

លោក ត្រាំ៖ មិនទាន់ដល់វេនអ្នកទេ! ប្រព័ន្ធផ្សព្វផ្សាយគឺគួរឱ្យខ្លាច! ...នៅឱ្យស្ងៀម! នៅឱ្យស្ងៀម! ស្ត្រីរូប​នោះ​កំពុង​សួរ​សំនួរ​អ្នកឯងកុំឈ្លើយ។ ខ្ញុំនឹងមិន​ឱ្យអ្នក​សួរសំនួរ​ខ្ញុំទេ ​អ្នកគឺជាអ្នកផ្សាយព័ត៌មានក្លែងក្លាយ​។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់ ដ៏អាម៉ាស់! ដែលទីភ្នាក់ស៊ើបការសម្ងាត់​បណ្ដោ​យឱ្យរាល់​ព័ត៌មាន​ត្រូវបាន​គេ​លើកឡើង​ទាំងខុស​ទំាងក្លែងក្លាយ។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់ ហើយនេះដូចគ្នា​ដែលរបប​ណាហ្ស៊ីស​អាល្លឺម៉ង់​ធ្លាប់​បានធ្វើ។ ខ្ញុំគិតថានេះគឺជារឿងដ៏អាម៉ាស់។ ​គេហទំព័រព័ត៌មាន Buzzfeed គ្រាន់តែជា​គំនរ​សំរាម​ប៉ុណ្ណោះ ពួកគេបាន​សរសេរពីវា​ខ្ញុំគិតថា​ពួកគេនឹង​ឈឺចាប់​ចំពោះ​​ផលវិបាក​​​ពួកគេធ្លាប់​​ភ្លក់រួច​ហើយ។

ចំណែកឯរឿង Hacking  ខ្ញុំ​គិតថាជារុស្ស៊ី​ក៏ប៉ុន្តែខ្ញុំក៏គិតដែរ​ថា​ប្រទេស ឬមនុស្សដទៃ​អាចជា Hack។ បើសិន​ពូទីន ចូលចិត្ត ត្រាំ នោះជាផលប្រយោជន៍ មិនមែនជាភាពមិនទទួលខុសត្រូវនោះទេ។ ខ្ញុំមិនដឹង​ថា​ខ្ញុំនឹង​មាន​ទំនាក់​ទំនង​ជាមួយ​ពូទីនឬទេ ខ្ញុំសង្ឃឹម​ខ្ញុំនឹង​ធ្វើដូច្នោះ ប៉ុន្តែវាគឺជាឱកាសដ៏ល្អ​ដែលខ្ញុំមិន​ត្រូវការ ហើយបើ​សិនខ្ញុំមិនធ្វើ​តើអ្នកនឹងជឿថាលោកស្រី ហ៊ីលឡារី អាចនឹងបង្កភាពតានតឹងជាមួយលោក ពូទីន ជាងខ្ញុំទៀតឬ?

តើអ្នកទាំងអស់គ្នាពិតជាមិនជឿមែនទេ? ទុកឱ្យខ្ញុំសម្រាក។ យើងអាចងាយស្រួលធ្វើកិច្ចចរចា​ជាមួយរុស្ស៊ី បើសិនជា​យើងចង់ធ្វើវា។ ខ្ញុំមិនចង់មិនធ្វើវាទេ​ព្រោះខ្ញុំគិតថា​​វាអាចក្លាយ​ទៅជា​ជម្លោះ។ ដូច្នេះ​ខ្ញុំគ្មាន​កម្ចី និងគ្មានកិច្ចព្រមព្រៀងអ្វីជាមួយរុស្ស៊ីឡើយ។​

អ្នកសារព័ត៌មាន៖ គ្រប់ប្រធានាធិតីអាមេរិក តំាងពីទសវត្សរ៍ឆ្នាំ៧០...?

លោក ត្រាំ៖ អូ! ខ្ញុំមិនដែលបានដឹងទេ ខ្ញុំមិនធ្លាប់លឺ​វាពីមុនឡើយ។ អ្នកដឹងហើយថា ​ការយកចិត្ត​ទុកដាក់អំពី​ការបង់​ពន្ធ​របស់ខ្ញុំ គឺត្រូវបានរាយការណ៍ហើយ។ ខ្ញុំនឹងសាងសង់ជញ្ជំាងព្រំដែន ខ្ញុំគិតថា​ខ្ញុំមិន​អាចរង់ចាំ​ដល់រយៈ​ពេល​មួយឆ្នាំ ឬ​មួយឆ្នាំ​កន្លះ​បានទេ... យើងនឹងចាប់ផ្ដើមសាងសង់ជញ្ជំាងព្រំដែន ហើយម៉ិចស៊ិកូ​នឹងចេញថ្លៃ​សាងសង់....ក្រុមហ៊ុនរបស់ខ្ញុំ​ទំាងអស់​នឹងត្រូវប្រគល់​ឱ្យកូនប្រុស​ទាំងពីរ​របស់ខ្ញុំជា​អ្នកគ្រប់គ្រង​បន្ត ហើយខ្ញុំ​សង្ឃឹមថា នៅ​ពេលបញ្ចប់អាណត្តិ​ ០៨ឆ្នាំជាប្រធានាធិបតីអាមេរិក ខ្ញុំនឹងត្រឡប់មកគ្រប់គ្រងវិញ ហើយខ្ញុំនឹងនិយាថា... អូ! អ្នកទាំងពីរធ្វើការបានល្អ ​ប៉ុន្តែបើសិនជាធ្វើមិនបានល្អ ខ្ញុំនឹងនិយាយថា ​ពួកអ្នកនឹងត្រូវដកចេញ។

គួរបញ្ជាក់ថា ការដកស្រង់នូវសម្តីសំខាន់ៗរបស់លោក ដូណាល់ ត្រាំ តាមរយៈវីដេអូខ្លីដែលបង្ហោះក្នុង​បណ្តាញផ្សព្វផ្សាយ BBC នោះបានបង្ហាញអំពីការឆ្លើយ រវាងលោក ត្រាំ និងអ្នកសារព័ត៌មាន ដែលពេលខ្លះ​អ្នកសារព័ត៌មានមួយចំនួនមិនទាន់សួរសំនួរអស់សេចក្តីផង ប៉ុន្តែលោក ត្រាំ បានឆ្លើយកាត់។ អ្នកបញ្ចេញ​មតិមួយចំនួនបាននិយាយថា លោក ត្រាំ កំពុងព្យាយាមបំបិទមាត់អ្នកសារព័ត៌មាន​ដែល​ធ្លាប់​សរសេររិះគន់​ប្រឆាំងនឹងរូបលោកទាំងអស់ជាពិសេស CNN៕