(អាមេរិក)៖ ខ្សែក្រវ៉ាត់ដ៏ល្អប្លែកដែលព័ទ្ធជុំវិញភពសៅរ៍ដោយប្រៀបដូចជាចិញ្ចៀនមួយវង់នោះ ប្រហែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា «គ្រឿងអលង្ការ» ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ប៉ុន្តែនាពេលថ្មីៗនេះ​គេបានសង្កេត​ឃើញថា​ ភព​ព្រហស្បតិ៍ ក៏មានបំពាក់នូវ «ត្បូងគុជខ្យង» ជាគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ហើយយានអាវកាសរបស់​ទីភ្នាក់ងារអវ​កាស​​ណាសា (NASA) មានរូបភាពសម្រាប់ធ្វើជាភស្តុតាង។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានអវកាស ​Space នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

យានអវកាសជូណូ (Juno) របស់ NASA ដែលបានធ្វើការហោះឆ្វែលយ៉ាងកៀក​ទៅនឹងភពព្រហស្បតិ៍​កាលពីថ្ងៃអាទិត្យ​​សប្តាហ៍មុននេះ បានថតផ្តិតយករូបភាពមួយដែលបង្ហាញពី​លក្ខណៈពិសេសទី០៧ ក្នុងចំណោមលក្ខណៈ​ពិសេសទាំង​០៨ ដែលបង្កើតបានជា «បន្តោងគុជ» ដ៏ស្រស់ស្អាតដែលតាមពិតទៅនោះ ​គឺ​ជា​ខ្យល់​ព្យុះ​ដ៏​ធំសម្បើម (ប៉ុនផែនដី) ​នៅ​លើ​ភពដ៏​ធំមហិមា​​ដែលគ្របដណ្តប់​ទៅដោយឧស្ម័នមួយនេះ។

បើយោងតាមអង្គការ NASA «គុជ» ទាំង០៨​របស់​ភព​ព្រហស្បតិ៍​ ដែល​ជា​ខ្យល់​ព្យុះ​មាន​ទំហំ​ធំមហាសាល​និងធ្វើចលនា​វិល​បញ្ច្រាស់​ទ្រនិចនាឡិកា​នេះ ត្រូវបានមើលឃើញពីចម្ងាយក្នុង​ទម្រង់ជារង្វង់យក្សពណ៌ស ដែលមាន​ទី​តាំងស្ថិត​នៅ​អឌ្ឍគោលខាងត្បូង។ ដោយឡែកចាប់តាំងពីឆ្នាំ១៩៨៦ មកចំនួននៃរង្វង់យក្ស​ទាំងអស់នេះ គឺចាប់ពីទី ០៦ ទៅ០៩ មិន​មានភាពច្បាស់​លាស់នោះឡើយ ប៉ុន្តែបច្ចុប្បន្នពួកវាមានចំនួន ០៨រង្វង់ដែលគេអាចមើលឃើញ នៅលើផ្ទៃភពព្រហស្បតិ៍ទាំងមូល។

គួរបញ្ជាក់ថាការហោះឆ្វែលកាល​ពីថ្ងៃអាទិត្យ គឺត្រូវបានធ្វើឡើងជាលើកទីបីហើយ​សម្រាប់យាន Juno គិត​ចាប់​តាំង​ពី​វា​​បាន​ធ្វើ​​ដំណើរ​ទៅ​ដល់​​ភព​ព្រហស្បតិ៍ កាលពីថ្ងៃទី០៤ ខែកក្កដា ហើយនឹងធ្វើការហោះហើរ​ទៅកៀកភពមួយនេះម្តងទៀតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ ទីភ្នាក់ងារអវកាស NASA បានបញ្ជូនយានអវកាស Juno ទៅកាន់​ភពព្រហស្បតិ៍កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយបេសកកម្ម​នេះត្រូវបានរចនាឡើង​ដើម្បីសិក្សាពីបរិយាកាស​ ដោយលម្អិតបំផុតមិនធ្លាប់មានពីមុនមកឡើយ និងដើម្បី​អង្កេត​តាមដានចំពោះផ្ទៃស្រទាប់ខាងក្នុង​នៃភពព្រហស្បតិ៍ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់​ពីដើមកំណើត ទម្រង់ បរិយាកាស ក៏ដូចជាដែនម៉ាញេទិច នៃភពយក្សឧស្ម័នដ៏ធំធេងបំផុតមួយនេះ៕