(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានតាមដានការវិវឌ្ឍ​នយោបាយ​នៃអាមេរិក Think Thank​ បានបញ្ចេញ​រូបភាព​ជាច្រើន​ដែលត្រូវបានថតដោយ​ផ្កាយរណប និងបានបង្ហាញថា​ចិនបាននិងកំពុងបង្កើន​សកម្មភាព​យោធា តាមរយៈការតម្លើងបរិក្ខាយោធា​នៅលើកោះសម្បនិម្មិត​ដែលខ្លួន​បានសាងសង់​នៅឯតំបន់​សមុទ្រចិន​ខាងត្បូង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។​

ការបង្ហាញរូបភាពស្ដីពី​សកម្មភាពយោធាចិន​នៅពេលនេះ ធ្វើឡើងស្របពេលដែល​មេបញ្ជាការកងម៉ារីន​អាមេរិក​ប្រចំា​តំបន់ប៉ាស៊ីហ្វិក លោក ហារី ហារីស (Harry Harris) បានបញ្ជាក់​ដោយសំដៅទៅលើ​ចិនថា សហរដ្ឋអាមេរិក​នឹងមិនអនុញ្ញាតឱ្យ​ប្រទេសណាមួយ កំណត់ព្រំដែនជា​លក្ខណៈឯកតោភា​គី​នៅតំបន់​ព្រំដែន​ទឹកនៃប្រទេសដទៃ​នៅឯសមុទ្រចិខាងត្បូង​នោះឡើយ បើទោះជា​ប្រទេសមួយនោះ បានសាងសង់មូលដ្ឋាន​ជាច្រើន​រួចហើយក៏ដោយ។

ជាងនេះទៅទៀតលោក ហារី ក៏បានអះអាងដែរថា «ទីក្រុងវ៉ាស៊ីនតោន​នឹងធ្វើកិច្ច​សហប្រតិបត្តិការ​នៅទីណា ដែលអាចធ្វើទៅបាន ក៏ប៉ុន្តែយើងបាន​ត្រៀមខ្លួនរួចជាស្រេច​ដើម្បីប្រឈមមុខជាមួយចិននៅ​តំបន់សមុទ្រចិន​ខាងត្បូង​ក្នុងករណីចាំបាច់»។ ប៉ុន្តែយ៉ាងណាក៏​ដោយ ទីក្រុងប៉េកាំង​ធ្លាប់បានបដិសេធ​ជាច្រើនដង​រួចហើយ ថាខ្លួនគ្មានបំណងពង្រីក​ឥទ្ធិពលយោធា​នៅតំបន់ជម្លោះ នៃដែនសមុទ្រចិនខាងត្បូង​នោះឡើយ។

គួរបញ្ជាក់ថា​តំបន់សមុទ្រចិន​ខាងត្បូង បានក្លាយជាឆ្អឹង​ទទឹងក​នៃទំនាក់ទំនង​រវាងចិនជាមួយនឹង​បណ្ដា​ប្រទេសជាភាគីជម្លោះ​ផ្សេងទៀត​អស់រយៈពេលជាច្រើនឆ្នាំ​មកហើយ ដោយភាគីម្ខាង​ៗមានដូចជា កោះតៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ សុទ្ធតែទាមទាររៀងៗខ្លួន​ចំណែកទឹកដី​នៅលើទីប្រជុំកោះ ផារ៉ាសែល (Paracels) និង ស្ព្រាតលី (Spratleys) ដែល​ចិនអះអាងថា​ជាដែនអធិបតេយ្យភាព​របស់ខ្លួន៕