(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង Exxon Mobil លោក រិច ធីល្លឺសុន (Rex Tillerson) ដែល​ត្រូវ​បាន​ជ្រើស​រើស​ធ្វើជា​​រដ្ឋ​មន្រ្តី​ការបរទេស​ថ្មី​​របស់​សហរដ្ឋ​អាមេរិក​នោះ នឹងចូលនិវត្តន៍​​ហើយប្រគល់​មុខតំណែង​ជា CEO (នាយកប្រតិបត្តិ) របស់លោក​​ទៅឲ្យអគ្គនាយក​របស់ក្រុមហ៊ុនសព្វ​ថ្ងៃ​វិញគឺ លោក ដារែន វូដស៍ (Darren Woods) នៅដើមឆ្នាំក្រោយនេះ​ពោលគឺថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ​តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នា​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ​ ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Exxon Mobil ដែលជាក្រុមហ៊ុនប្រេងដ៏ធំមួយ​នៅលើពិភពលោក​បានបញ្ជាក់ថា «បន្ទាប់ពីបានធ្វើការពិចារណា​យ៉ាងហ្មត់ចត់ ចំពោះតម្រូវការ​ដ៏ចាំបាច់ពាក់ព័ន្ធនីតិវិធី​នៃការតែងតាំង​រដ្ឋមន្រ្តីការបរ​ទេស​​ជាផ្លូវការនោះ បណ្តាថ្នាក់ដឹកនាំ​របស់ក្រុមហ៊ុន​ក៏ដូចជាលោក ធីល្លឺសុន ផ្ទាល់បាន​ឯកភាពគ្នាថា វាសក្តិសមបំផុតក្នុង​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃការចូលវិវត្តន៍ ដែលដំបូងឡើយ​គ្រោងថា​នឹងធ្វើឡើងនៅ ខែមិនាឆ្នាំក្រោយនេះ​ឯណោះវិញទេ​»

គួរបញ្ជាក់ថាប្រធានាធិបតី​ជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃពុធ​ម្សិលមិញនេះថា លោកបានសម្រេច​​ជ្រើសរើសលោក រិច ធីល្លឺសុន ធ្វើជារដ្ឋមន្រ្តីការបរទេស​របស់រដ្ឋាភិបាលអាមេរិកថ្មី ដែលនឹងត្រូវស្បថចូលកាន់​តំណែង​ជាមួយនឹ​ងរូបលោកនៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ​ប៉ុន្តែលោក ធីល្លឺសុន ចាំ​បាច់​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​​ជា​ចុង​ក្រោយ​​ដែលនឹងត្រូវធ្វើឡើង​ដោយព្រឹទ្ធសភាសិន។

ដោយឡែក​សេចក្តីប្រកាសនេះ​ បានបណ្តាលឲ្យមានការតស៊ូមតិគ្នាយ៉ាងផុសផុល​ផងដែរ ដោយសារ​តែ​នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុនប្រេង​ដ៏ធំមួយនេះ មានទំនាក់ទំនាក់យ៉ាងជិតស្និទ្ធ​ជាមួយនឹង​ប្រទេសរុស្ស៊ី ជាពិសេសជាមួយលោក​ប្រធា​នាធិបតី វ៉្លាឌីមៀ ពូទីន តែម្តង៕