(វ៉ាស៊ីនតោន)៖ រូបភាពបង្ហាញឲ្យឃើញពីអគារខ្ពស់ៗ ចំនួនបីខ្នងដែលតម្រៀប​ជួរគ្នាយ៉ាងត្រង់ភ្លឹងនៅលើ​ភពអង្គារ (Mars) ដែល​នៅ​ក្បែរ​​ខាង​ភព​ផែន​ដី​របស់​យើង​ត្រូវបានមនុស្ស​ចំនួនអះអាងថា ​គឺជាភស្តុតាង​យ៉ាងច្បាស់ដែលស្តែងឲ្យឃើញថា ភាវៈមានជីវិតដ៏ឆ្លាតវៃពិតជាធ្លាប់មានវត្តមាននៅ​ទីនោះ។ នេះបើតាមការ​ចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្តិច​នារសៀល​ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមម្ចាស់របស់វីដេអូឃ្លីប​មួយដែលត្រូវបង្ហោះ​​នៅលើគណនី​នៃគេហទំព័រ Youtube ឈ្មោះថា Mundodesconocido រូបភាពនៅ​ក្នុង​ខ្សែ​វីដេអូ​​មួយនោះបានបង្ហាញពី «អគារ» ចំនួនបីមាន​កម្ពស់​​​ប្រហែល ៤.៨ម៉ែត្រ និង​ត្រូវ​បាន​រៀប​ចំ​យ៉ាង​មាន​របៀប​រៀបរយ​បំផុត ​នៅ​ក្នុង​ខ្សែ​បន្ទាត់​ត្រង់​ស្មើ​ល្អ​ឥត​ខ្ចោះ​ហើយ​ម្ចាស់គណនី Mundodesconocido ដែលជាអ្នកអត្ថាធិប្បាយរៀបរាប់​នៅក្នុងវីដេអូ​ផ្ទាល់ផងដែរ​នោះជឿ​ជាក់ថា​វាមិនមែនជារឿងចៃដន្យ​ឡើយ ជាពិសេសនោះ​គឺការដែលអគារទាំងបី​ទំនងជាបង្ហាញពីសញ្ញាណ​នៃបច្ចេកវិទ្យាដ៏ទំនើបថែមទៀត។

ជាមួយគ្នានេះដែរខ្សែវីដេអូដដែលនោះ ក៏បានដាក់បញ្ចូលទាំងរូបភាព 3Dនៃអគារខាងលើបន្ថែម​ពីលើរូបភាព​ដើមដែលមិនសូវច្បាស់ និ​ង​ត្រូវបានផ្សព្វផ្សាយដល់មនុស្សរាល់គ្នា​ឲ្យមើលឃើញ​ដោយបេសកម្ម Mars Global Surveyor និង Mars Odyssey។

ដោយឡែកទោះបីមានមនុស្សជាច្រើនបាន​អះអាងថា​ វត្ថុដែលដូចជាអគារនោះ គឺទំនងមិនមែន​ជាអ្វីដែល​អាចសាងសង់ឡើង​​បានដោយ​ខ្យល់ ឬក៏ទឹកយ៉ាងណាក្តី​ក៏អ្នកវិទ្យាសាស្រ្តនៅទីភ្នាក់ងារ​អវកាស ណាសា (NASA) មិនចាប់អារម្មណ៍អំពីរបកគំហើញដ៏គួរឲ្យចាប់អារម្មណ៍​នេះដែរ ដោយពួកគេបានលើកឡើងថា «ការពិត» អាចនឹងធ្វើឲ្យមានការខកចិត្តជាខ្លាំង​បានព្រោះថាវត្ថុ​ទាំងបីនោះ ប្រហែលជាតាមពិត​ទៅ​មិនសូវល្អ​ឥត​ខ្ចោះដូចការ​អះអាងតាមរូបភាពនោះឡើយ​នៅពេលមើលឃើញនៅចម្ងាយជិត។

លើសពីនេះ​ក្រុមអ្នកវិទ្យាសាស្រ្ត NASA ក៏បានបន្តពន្យល់​ដោយក្បោះក្បាយ​ទៀតថា នៅពេលដែលមនុស្ស​នៅ​លើផែនដីឃើញអគារទាំង​អស់​នោះ​ ខួរក្បាលរបស់​ពួកគេព្យាយាមស្វែងរក​វត្ថុដែលធ្លាប់ស្គាល់​ធ្លាប់​ឃើញដើម្បី​ពន្យល់ពីពិភពដែលនៅជុំវិញខ្លួនរបស់ពួកគេ ហើយនេះ​គឺជាបាតុភូតមួយហៅថា «Pareidolia»។ ជាចុងក្រោយក្រុមអ្នកវិទ្យាសាស្រ្ត​បានឲ្យឧទារហណ៍មួយ​ផ្សេងទៀតនោះគឺ «Face on Mars» ដែល​តាមធាតុ​ពិតជាស្តែងវាមិនដូចទៅនឹង​មុខមនុស្សបន្តិចសោះឡើយ នៅពេលដែលគេមើលពីជ្រុងផ្សេងទៀត៕