(តេហេរ៉ង់)៖ ជាប្រតិកម្មឆ្លើយតបចំពោះការសម្រេចចិត្ត ដាក់ទណ្ឌកម្មបន្តពីសំណាក់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានបញ្ជាឱ្យអង្គភាពថាមពលអាតូមិកអ៊ីរ៉ង់ AEOI ចាប់ផ្ដើម​អនុវត្តន៍​គំរោងផលិតនាវាបំពាក់ថាមពលនុយក្លេអ៊ែរ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ប៉ុន្តែគេនៅ​មិន​ទាន់ដឹងនៅឡើយទេថា​គំរោងនេះ​មានជាប់ពាក់ព័ន្ធនឹង នាវា​បំពាក់មីស៊ីល-នុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។​

សម្រាប់លោក ហាសាន់ រ៉ូហានី ការដាក់បន្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ច​ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក្រៅតែបញ្ជាឱ្យ AEOI ចាប់ផ្ដើមអនុវត្តន៍គំរោងផលិតនាវានុយក្លេអ៊ែរ លោក រ៉ូហានី ក៏បានស្នើផងដែរឱ្យក្រសួងការបរទេស​ចាត់វិធានាការ​តាមផ្លូវច្បាប់ប្រឆាំងនឹង​ការធ្វេសប្រហែស​របស់​ទីក្រុងវ៉ាស៊ីនតោន ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខជាមួយ​ប្រទេស​មហាអំណាចទាំង០៥ បូក០១ កាលពីឆ្នាំ២០១៥។

បន្ថែមពីខាងលើនេះទៀត ​លោក រ៉ូហានី បានលើកឡើងនៅក្នុងលិខិតមួយផ្ញើជូននាយក AEOI ដូច្នេះថា «ជាការឆ្លើយតបទៅនឹង​ការរំលោភបំពានលើ​ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ យើងត្រូវតែចាប់ផ្ដើមអភិវឌ្ឍ​ន៍គំរោង​នុយក្លេអ៊ែរ​សម្រាប់ការដឹកជញ្ជូន​តាមផ្លូវសមុទ្រ...។ គំរោងនេះគួរតែអាចត្រូវបានវាយ​តម្លៃ​ក្នុងរយៈពេលបីខែ និងអនុវត្តន៍តាមគោលការណ៍សន្តិភាព ព្រមទាំងអនុឡោមតាម​ច្បាប់អន្តរជាតិ»

គួររំលឹកថាដំណោះស្រាយក្នុងការបន្ត​ «ដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់» ត្រូវបានសភាអាមរិកអនុម័ត​រួចហើយ ដោយនៅរង់ចាំតែការ​ចុះហត្ថលេ​ខា​ពីប្រធានាធិបតីជិតផុតអាណត្តិ​លោក បារ៉ាក់ អូបាម៉ា តែប៉ុណ្ណោះ៕