(ស៊ីរី)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី​បានរាយការណ៍ថា មនុស្សជាង ៣១២,០០០នាក់​ក្នុងនោះមានជន​ស៊ីវិល ៩០,០០០នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១១ ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Dailymail នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។​

យោងតាមអង្គការ​ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះដដែលឲ្យដឹងថា មនុស្ស ៣១២,០០០នាក់ក្នុងនោះមានកុមារ ១៦,០០០នាក់បានសា្លប់បាត់បង់ជីវិត​ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើង ហើយចំនួនតួលេខទាំងនេះ​ក៏រាប់​បញ្ចូលក្រុមអ្នកប្រយុទ្ធ​ នៃក្រុមឧទ្ទាមស៊ីរី​ច្រើនជាង ៥៣,០០០នាក់និង​កង​កម្លាំង​គាំទ្ររដ្ឋាភិបាល ទីក្រុងដាម៉ាស់ជិត ១១០,០០០នាក់​ជាពិសេស​គឺកងទ័ពស៊ីរី ៦០,០០០នាក់ព្រមទាំង​ក្រុមជីវពលហេសប៊ូលឡា ក៏ដូចជាក្រុមអ្នកប្រយុទ្ធបរទេសជាច្រើនពាន់នាក់ផ្សេងទៀត។

ចំណែកឯក្រុមសកម្មប្រយុទ្ធ ISIS បូករួមទាំងក្រុមភេរវករ ៥៥,០០០នាក់ក៏បានស្លាប់ផងដែរ ខណៈមនុស្ស ៣៦៨៣នាក់មិនត្រូវបានគេបញ្ជាក់​ពីអត្តសញ្ញាណ។ គួររំលឹកថាបច្ចុប្បន្ន​ជម្លោះនៅស៊ីរី បានក្លាយជាសង្រ្គាម​មួយដ៏ស្មុកគស្មាញ​ ដោយមានការចូលរួមពី​ភាគីជាច្រើន ពោលគឺស៊ីរី​និងបរទេសរីឯដំណោះស្រាយ​ តាម​ផ្លូវការ​ទូតចេះតែធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែមិនដែលបានលេចចេញ​ជាផ្លែផ្កាអ្វីជាដុំកំភួននោះទេ៕