(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Airlines ដែលមាន​គោល​ដៅ​ចេញពីទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក​ឆ្ពោះទៅកាន់ទីក្រុង Frankfort នៃប្រទេស​អាល្លឺម៉ង់​នោះត្រូវបានបង្ខំឲ្យធ្វើការចុះ​ចត​យ៉ាង​ទាន់​ហន់​​ នៅ​ឯ​អាកាស​យាន​​ដ្ឋាន​ John F. Kennedy ក្នុងទីក្រុងញូយ៉កជាបន្ទាន់ ក្រោយ​ពេល​ទទួល​បាន​សេចក្តី​រាយការណ៍​ថា​មាន​គ្រាប់​បែក​នៅ​លើ​នោះ។ នេះបើ​តាម​​ការចេញផ្សាយដោយសារព័ត៌មាន Fox News នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

អាជ្ញាធរប្រចាំនៅអាកាសយានដ្ឋានខាងលើបានឲ្យដឹងថា មានមនុស្សម្នាក់បានហៅទូរស័ព្ទ​ទៅកាន់ទីស្នាក់ការ​របស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa Airlines ហើយបន្ទាប់ពីអាកាយានិក​បានជ្រាប​ពីដំណឹងនេះ ក៏បាន​សម្រេចចិត្តចុះចតនៅឯព្រលានយន្តហោះ JFK នៅ​វេលា​​ម៉ោង​ប្រហែល​ ៨៖០០នាទីយប់​ថ្ងៃចន្ទ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក) ភ្លាមៗតែម្តង។

សេចក្តីថ្លែងការណ៍របស់​ក្រុមហ៊ុនអាកាសចរណ៍​ខាងលើ​បានបញ្ជាក់​ដូច្នេះថា «ជើងហោះហើរ LH441 ពីទីក្រុង Houston រដ្ឋ Texas ដែល​ដំបូង​ឡើយ​ត្រូវឆ្ពោះទៅ​កាន់​ទីក្រុង​ Frankfort ប្រទេស​អាល្លឺម៉ង់ ត្រូវបានប្តូរគោលដៅទៅកាន់អាកាសយានដ្ឋាន JFK វិញ ​ដើម្បី​កាត់បន្ថយហនីយភ័យផ្សេងៗ​ និងជួយសម្រប​សម្រួលដល់អាជ្ញាធរ​​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​​ ក៏​ដូច​ជា​អាកាសយានិកនៅលើ​យន្ត​ហោះ​ផ្ទាល់​ផង​ដែរ​​ ហើយយន្តហោះនេះ បានធ្វើការចុះចតដោយសុវត្ថិភាព​នៅ​ឯ​ទីក្រុងញូយ៉ក»

គួរបញ្ជាក់ថា បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅឯព្រលានយន្តហោះ John F. Kennedy ហើយនោះ អ្នកដំណើរ​ទាំង​ប៉ុន្មានដែល​នៅ​លើ​​យន្ត​ហោះត្រូវបានជម្លៀសចេញជាបន្ទាន់ ហើយយោង​តាម​​របាយការណ៍​ចុងក្រោយបំផុត ក្រុម​ប៉ូលិស​ជំនាញ​បាន​ធ្វើ​ការ​ឆែក​ឆេរ​​យន្ត​ហោះ​នេះ​សព្វ​​​គ្រប់ជ្រុងជ្រោយទាំងអស់ ប៉ុន្តែមិនបានរកឃើញគ្រាប់បែក ឬគ្រឿងផ្ទុះណាមួយឡើយនៅលើនោះឡើយ៕