(ឡុងដ៍)៖ អង្គភាពបង្រ្កាបអំពើភេរវកម្ម​នៅក្នុងទីក្រុងឡុងដ៍ និងភាគកណ្តាលប្រទេស​អង់គ្លេស បានចាប់ខ្លួន​មនុស្ស​ចំនួន​ ០៦​នាក់ដែលគេសង្ស័យថាជាបណ្តាញភេរវករ ដែលអាចរៀបចំគំ​រោងក្នុងការវាយប្រហារ​នៅចក្រភពអង់គ្លេស នៅ​ថ្ងៃ​អង្គារ​នេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

ជនទាំង០៦នាក់ខាងលើដែលរួមមាន បុរសប្រាំនាក់ និងស្រ្តីវ័យ៣២ឆ្នាំម្នាក់ កំពុងស្ថិតក្រោមការជាប់​សង្ស័យ​ពីបទ​បំពានច្បាប់ភេរវកម្ម​​របស់ចក្រភពអង់គ្លេស ហើយកំពុងត្រូវបានសួរចម្លើយ​ម្តងម្នាក់ៗ​ដោយមន្រ្តីប៉ូលិស។ ការចាប់ខ្លួននេះ​ត្រូវបានធ្វើឡើង​បន្ទាប់ពីកងកម្លាំងបង្រ្កាបអំពើភេរវកម្ម​ បានបើកយុទ្ធនាការ​ចុះសម្រុកឆែកឆេរ​ក្នុងលំនៅឋានចំនួន ០៦ខ្នងនៅទីក្រុងឡុងដ៍, ទីក្រុង Derby, និងក្រុង Burton-on-Trent។

ខណៈពេលនេះអាជ្ញាធរអង់គ្លេស​មិនបានបញ្ចេញឲ្យដឹងថា តើជនដែលត្រូវបានចាប់ខ្លួនទាំង ០៦នាក់នោះ បានរៀបចំគំរោង​វាយប្រហារ​ដោយអំពើភេរវកម្ម នៅក្នុងចក្រភពអង់គ្លេស​ដែរ ឬយ៉ាង​នៅឡើយទេ ហើយក៏គ្មានការ​បញ្ជាក់ពីអត្តសញ្ញាញ​របស់ពួកគេ​ ដែលកំពុង​ស្ថិតក្រោមការឃុំខ្លួន​របស់ប៉ូលិសផងដែរ ដោយនៅក្នុងសេចក្តីថ្លែងការណ៍​ដ៏ខ្លីមួយ មន្រ្តីប៉ូលិសបានត្រឹមបង្ហើប​ប្រាប់ថា ពួកគេបានឃាត់ខ្លួន​បុរសបួន​នាក់​ពីទីក្រុង Derby ដែលមានអាយុ ២២ឆ្នាំ, ២៧ឆ្នាំ, ៣៥ឆ្នាំ, និង៣៦ឆ្នាំ​រួមជាមួយបុរស​ម្នាក់ទៀតអាយុ ២៧ឆ្នាំពីទីក្រុង Burton និងស្រ្តីវ័យ ៣២ឆ្នាំម្នាក់​ទៀត​ពីទីក្រុង​ឡុងដ៍។

គួរបញ្ជាក់ដែរថា អាជ្ញាធរចក្រភពអង់គ្លេស​ក៏បានស្នើប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់ ឲ្យ​នៅបន្តមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាប់ជានិច្ច ប៉ុន្តែកុំឲ្យមានការ​ភ័យតក់ស្លុតឡើយ​ដោយសារតែការចាប់​ខ្លួននេះ​៕