(វ៉ាស៊ីនតោន)៖ អតីតបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក មីត រុំនី (Mitt Romney) បានអះអាងថា លោកមិនមែនជាមនុស្ស​ដែលលោក ដូណាល់ ត្រាំ ត្រូវតែងតំាងជារដ្ឋមន្ត្រី​ការបរទេស​អាមេរិកនោះទេ ខណៈប្រធានាធិបតីជាប់ឆ្នោតរូបនេះ​បានប្រកាសនៅលើ Twitter ថាលោក​នឹង​តែងតាំងប្រមុខការទូតអាមេរិកថ្មី នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។​

ថ្លែងនៅលើគណនី Facebook របស់ខ្លួនលោក មីត រុំនី ដែលធ្លាប់រិះគន់ឥតសម្ចៃមាត់លើលោក ត្រាំ បាននិយាយថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានគេ ចាត់ទុកថា​ជាបេក្ខភាពសម្រាប់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស​ដ៏អស្ចារ្យរបស់យើង។ កិច្ចពិភាក្សារវាងខ្ញុំ និងប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ បានប្រព្រឹត្តិទៅក្រោមភាពសប្បាយរីករាយ ហើយខ្ញុំសង្ឃឹមថា​រដ្ឋបាលអាមេរិកថ្មី នឹងដឹកនាំប្រទេស​ជាតិ​ឆ្ពោះទៅរកភាពខ្លំាង វិបុលភាព និងសន្តិភាព»។ ប៉ុន្តែយ៉ាងណាក៏ដោយ​ការលើកឡើងរបស់លោក រុំនី ធ្វើឡើងនៅបន្ទាប់ពី​ប្រភពស្និទ្ធនឹង​រូបលោកបានបង្ហើបថា លោក ត្រាំ បានហៅទូរស័ព្ទមកកាន់រូបលោក រុំនី​ ដោយប្រាប់ថាលោកមិនអាចតែងតាំង​ជា រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី​នោះទេ។

គួរបញ្ជាក់ថា​រហូតមកទល់ពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន​ប្រេង ExxonMobil​ លោក រិច ធីល្លឺសុន (Rex Tillerson) ដែលជាមិត្តម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅតែត្រូវបានគេរំពឹងខ្ពស់ថា​នឹងអាចក្លាយជារដ្ឋមន្ត្រីការបទេសអាមេរិកថ្មី ក្រោមចំណាប់អារម្មណ៍ជាយូរមកហើយពីលោក ត្រាំ៕