(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាវាមិនចាំបាច់នោះឡើយក្នុងការយកយន្តហោះដែលមាន​តម្លៃរាប់ពាន់លានដុល្លារ មកធ្វើជាមធ្យោបាយ​ធ្វើដំណើរតាម​ផ្លូវអាកាសសម្រាប់លោក នៅពេលដែលមហាសេដ្ឋីអចលនទ្រព្យរូបនេះ បាន​ក្លាយជាប្រមុខមេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក ជាផ្លូវការនៅឆ្នាំក្រោយនេះ ដោយសារតែក្រុមហ៊ុនផលិតយន្តហោះ Boeing បានទារថ្លៃ​កប់ពពកពេកសម្រាប់ការសាងសង់យន្តហោះ Air Force One ថ្មី ដែលមនុស្សគ្រប់បានស្គាល់ថាជាយន្តហោះរបស់ប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនត្រូវការយន្តហោះតម្លៃ៤.២​ពាន់​​លាន​ដុលារ ដើម្បីធ្វើដំណើរនោះឡើយ»។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីដើមសប្តាហ៍មុនលោក ត្រាំ បានធ្វើការ​រិះ​គន់​ធ្ងន់ៗ​ទៅក្រុមហ៊ុន Boeing ដែលជា អ្នកផលិតយន្តហោះឲ្យសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៤៣មកម៉្លេះនោះ តាមរយៈបណ្តាញទំនាក់ទំនង​សង្គម Twitter ថា «ក្រុមហ៊ុន Boeing កំពុងតែ​ផលិតយន្តហោះ Air Force One ថ្មីសម្រាប់អនាគត​ប្រធានាធិបតីអាមេរិក ប៉ុន្តែក្នុងតម្លៃហួស​ហេតុ​ពេកគឺដល់ទៅជាង៤ពាន់លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង, លុបចោលការ​បញ្ជា​ទិញភ្លាមទៅ!»។

គួរបញ្ជាក់ថា គំរោងនៃការផលិតយន្តហោះ Air Force One ថ្មីនេះត្រូវបានរៀបចំឡើងដោយសារតែយន្តហោះ Air Force One ដែលកំពុង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​គឺ​ Boeing ធុន 747-200 ទាំងពីរគ្រឿងនឹងឈានដល់អាយុកាលកំណត់របស់វា គឺបីទសវត្សរ៍គត់នៅឆ្នាំ២០១៧ក្រោយនេះ ហើយ​គេមិន​អា​ចប្រថុយ​ប្រថាន ដោយនៅតែបន្តប្រើប្រាស់យន្តហោះដែលមានតួនាទីដ៏សំខាន់នេះ ក្នុងការ​ដឹក​មេដឹកនាំប្រទេសមហា​អំណាចពិភពលោក​មួយ​ទាំងមូលបាននោះឡើយ៕