(តួកគី)៖ យន្ដហោះចម្បាំងតួកគី ​បានបើកការវាយប្រហារ​តាមផ្លូវអាកាស​ជាបន្តបន្ទាប់ទៅលើមូលដ្ឋាន​របស់​ក្រុមសកម្មប្រយុទ្ធ​នៃគណបក្សពលករឃើដ PKK​ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយដែលការវាយប្រហារ​នេះ ត្រូវបានគេជឿជាក់ថា​ធ្វើឡើងក្នុងគោលបំណងសងសឹក ចំពោះការវាយប្រហារបំផ្ទុះ​រថយន្ដអត្តឃាត កាលពីថ្ងៃសៅរ៍ នៅឯទីក្រុងអ៊ីស្ដង់ប៊ូល។ នេះបើតាមយោធាតួកគី ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

ការវាយប្រហារតាមផ្លូវអាកាស​ខាងលើបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ​ឃើដ Faucons ដែលមានសម្ព័ន្ធភាពជាមួយគណបក្សពលករឃើដ PKK​ បានចេញមុខអះអាងទទួល​ខុសត្រូវ​លើការវាយប្រហារបំផ្ទុះ​គ្រាប់បែកអត្តឃាត​ពីរលើកផ្ទួនគ្នា សម្លាប់មនុស្ស ៣៨នាក់ និង ១៥៥នាក់​រងរបួស​នៅខាងក្រៅ​ពហុកីឡដ្ឋាន​ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល។ ដោយឡែក​បើតាមយោធាតួកគីនៅក្នុងប្រតិបត្តិការ​យោធានេះយន្ដហោះចម្បាំងតួកគី បានបំផ្លាញមូលដ្ឋាន និង​បរិក្ខាយោធារបស់ក្រុមសកម្មប្រយុទ្ធ PKK។

គួរបញ្ជាក់ថាជម្លោះរុំារ៉ៃរវាងក្រុមសកម្ម​ប្រយុទ្ធ PKK និងកងកម្លំាង​តួកគី អស់រយៈពលជាច្រើនឆ្នាំមកនេះ បានផ្ដាច់យកជីវិតមនុស្សច្រើន​ជាង ៤០,០០០ នាក់។ ចំណែកឯប្រទេស តួកគី, សហរដ្ឋអាមេរិក, និងសហភាពអឺរ៉ុប បានចាត់ទុកថា PKK គឺ ជាអង្គការភេរវកម្ម៕