(​ប៉េកំាង)៖ ប្រព័ន្ធផ្សព្វផ្សាយចិន​នៅថ្ងៃចន្ទនេះបានព្រមាន លោក ដូណាល់ ត្រាំ ចំៗថាគោលនយោបាយ​ចិនតែមួយ (ស្ដីពីកោះតៃវ៉ាន់) ​នឹងមិនអាចត្រូវបានចរចាឡើងវិញ ឬផ្លាស់ប្ដូរជាដាច់ខាត ដោយថែមទាំងបាន​ចាត់ទុកប្រធានាធិបតីអាមេរិក​ជាប់ឆ្នោតរូបនេះគ្រាន់តែជា «ក្មេងបៀមដៃម្នាក់មិនយល់​ពីការទូតអ្វី​ទាំងអស់»។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងបទអត្ថាធិប្បាយមួយ​ចុះផ្សាយនៅលើ សារព័ត៌មាន​ជាតិនិយមចិន Global Times បានគូស​បញ្ជាក់ថា គោលនយោបាយចិនតែមួយ​គ្មានផ្លូវផ្លាស់ប្ដូរជាដាច់ខាត ហើយការលើកឡើងបែបនេះ​ធ្វើឡើងដើម្បីជាការ​ឆ្លើយតបទៅនឹង លោក ត្រាំ ដែលបានគំរាមលែងទទួលស្គាល់​គោលនយោបាយនេះ ចំពោះកោះតៃវ៉ាន់។​ បន្ថែមពីលើនេះ បទអត្ថាធិប្បាយដដែល​បន្តទៀតថា បើសិនជា សហរដ្ឋអាមេរិកគំាទ្រដោយ​​បើកចំហ​ឱ្យតៃវ៉ាន់មានឯករាជ្យភាព នោះចិនក៏អាច​ធ្វើបានដូចគ្នា​ គឺគាំទ្រដល់សត្រូវរបស់​ទីក្រុងវ៉ាស៊ីនតោន។

គួររំលឹកថាលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានព្រមានថានឹងលែងទទួលស្គាល់គោល​នយោបាយចិនតែមួយ​បើសិនជាមិនមានកិច្ចព្រមព្រៀងណាមួយ​ជាមួយទីក្រុងប៉េកាំង​ទេនោះ។ គោលនយោបាយចិន​តែមួយនេះ​ឯង បានជម្រុញទីក្រុងវ៉ាស៊ីនតោនកាត់ផ្ដាច់ចំណង​ការទូតមួយផ្នែក​ជាមួយកោះតៃវ៉ាន់​នៅឆ្នាំ១៩៧៩៕