(ដាម៉ាស់)៖ គ្មានមន្ទិលទៀតនោះឡើយ ថាកងទ័ពរដ្ឋាភិបាលស៊ីរី នឹងអាចដណ្តើមបានខេត្ត និងក្រុង​អាឡេប៉ូទាំងមូលពី​ដៃក្រុមឧទ្ទាម​គាំទ្រដោយ​សហរដ្ឋអាមេរិក ឬក៏អត់នោះ​ព្រោះគិតមកទល់នឹង​សប្តាហ៍ថ្មី​នេះ​តំបន់កាន់កាប់ដោយ​ក្រុមឧទ្ទាមចំនួន ៩៣ភាគរយហើយ​​ត្រូវបានដណ្តើមយកមក​គ្រប់គ្រងវិញ​ដោយកង​ទ័ព​របស់រដ្ឋាភិបាលរបស់​លោក បាហ្សា អាល់ អាស្សាដ។ នេះបើតាមទីភ្នាក់ងារ​ព័ត៌មាន​ចិន​​ស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

សារព័ត៌មានរដ្ឋស៊ីរី​បានចេញផ្សាយយ៉ាងដូច្នេះថា «តំបន់ភាគច្រើនបំផុតនៃពួកឧទ្ទាមស្ថិតនៅភាគខាងកើត​នៃទីក្រុងអាឡេប៉ូ ត្រូវបានកងទ័ពក្រសោបយកបានហើយ។ ទោះបីជាបែបនេះក្តី ជនស៊ីវិលចំនួនជាង​ ៣,០០០នាក់បានរត់ភៀសខ្លួនចេញពីតំបន់ Sukari, Fardos, និង Salahuddien ឆ្ពោះទៅកាន់កន្លែង​ដែលរដ្ឋាភិបាលស៊ីរីទើបយក​មកគ្រប់គ្រងឡើងវិញ គិតចាប់តាំងពីថ្ងៃសៅរ៍​សប្តាហ៍មុននេះមក»

ដោយឡែកគ្រាន់តែមួយថ្ងៃអាទិត្យ ម្សិលមិញនេះប៉ុណ្ណោះ ប្រជាជនស៊ីរីជិត ៥,០០០នាក់បានភៀសខ្លួន​ចេញពីភាគខាងកើតទីក្រុងអាឡេប៉ូ ដើម្បីសុវត្ថិភាព។ ទោះបីជាបែបនេះក្តី ទីភ្នាក់ងារសិទ្ធិ​មនុស្ស​បាន​រិះគន់​រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់កម្លាំងយ៉ាងកម្រោល វាយសង្គ្រប់ទៅលើកងកម្លាំងរបស់ពួកឧទ្ទាម ខណៈ​រដ្ឋាភិបាលលោក អាស្សាដ បានអះអាងថានឹង​ក្រសោបយកទីក្រុងអាឡេប៉ូ​ទាំងមូលតែ​ម្តង៕​