(សេអ៊ូល)៖ នៅក្នុងរយៈពេលជិតពីរខែមកហើយនេះ ជារៀងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​រាប់ម៉ឺនរាប់សែននាក់​តែងតែរួមគ្នា​ប្រមូលផ្តុំនៅចំកណ្តាលបេះដូងនៃរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការតវ៉ាទាមទារ​ឲ្យប្រធានាធិបតីកូរ៉េខាងត្បូ​ងគឺលោកស្រី ផាក គឺនហេ ចុះ​ចេញ​​ពី​​តំណែងជាមេដឹកនាំ​ប្រទេសដោយសារតែ​លោកស្រីបានគ្របដណ្តប់ទៅដោយ​រឿងអាស្រូវ​នយោបាយពុក​រលួយដ៏ខ្មៅងងឹត ប៉ុន្តែអ្វីៗបានប្រែ​ក្លាយ​ទៅជាការអបអរសាទរ និងសប្បាយរីករាយទៅវិញនៅចុងសប្តាហ៍នេះ ក្រោយពេលដែលលោកស្រីត្រូវបាន សភាជាតិកូរ៉េខាងត្បូង​បោះឆ្នោតគាំទ្រ​ឲ្យទម្លាក់ចេញពីតំណែង ហើយនឹងត្រូវបានព្យួរអំណាចទាំងស្រុង​ជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

ទោះបីជាកាលពីថ្ងៃសុក្រម្សិលមិញនេះ សភាជាតិបានបោះឆ្នោតដើម្បីដកអំណាចជាមេដឹកនាំកំពូល​ប្រទេស ចេញពីលោកស្រី ផាក គឺនហេ យ៉ាងណាក្តីក៏សកម្មជនកូរ៉េខាង​ត្បូងភាគច្រើនបានអះអាង​ថាពួកគេមាន​បំណង​ចង់នៅរក្សាការ​ដាក់សម្ពាធបន្តទៀត ខណៈនីតិវិធីនៃការទម្លាក់លោកស្រីប្រធានាធិបតី​នៅតែទាមទារ​ឲ្យមានការសម្រេចចុងក្រោយពីតុលាការ​រដ្ឋធម្មនុញ្ញនៅឡើយ ដែលជាដំណើរ​ការនឹងអាចចំណាយ​ពេល​វេលាដល់រាប់ខែឯណោះ។ អ្នកតវ៉ាជាច្រើននាក់ទៀតនៅតែមិនអស់ចិត្ត និងចង់ឃើញ លោកស្រី ផាក ងើបចេញឲ្យផុតពីកៅអីជាប្រធានាធិបតីភ្លាមៗតែម្តង ដោយមិនចាំបាច់​នៅរង់ចាំយូរឡើយ ហើយទទួលការកាត់ទោសព្រហ្ម​ទណ្ឌអ្វីឡើយ។

គួរបញ្ជាក់ថានៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំសភាពេញអង្គសភាកូរ៉េខាងត្បូង បានបោះឆ្នោតគាំទ្រ​ឲ្យលោកស្រី ផាក ចុះចេញពីមុខតំណែង​ក្នុងសំឡេង ២៣៤ នៃសំឡេងតំណាង​រាស្ត្រ​សរុប៣០០។ ដូច្នេះវាមានន័យថា លោកស្រី នឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការ​នៅក្រោយពេល​តុលាការធម្មនុញ្ញផ្ដល់សុពលភាព​លើការបោះឆ្នោតលើនីតិវិធី​នេះយ៉ាង យូររយៈពេល ១៨០ថ្ងៃ ហើយនៅ​ក្នុងអំឡុងពេលនេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hawng Kyo-ahn​ នឹងឡើងកាន់​តំណែងជាប្រធានាធិបតីស្តីទី​។