(បាងកក)៖ តបតាមការអញ្ជើញរបស់ ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រហាឡាលថៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់​ រដ្ឋមន្រ្តី​ប្រតិភូ​អម​​នាយក​រដ្ឋ​មន្ត្រី​ និងជាអនុប្រធាន​គណៈកម្មាធិការ​ត្រួត​​​ពិនិត្យ ផលិត​ផល​ហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន៥​រូប ដើម្បីអញ្ជើញ​ចូលរួម​សនិ្នសីទអន្តរជាតិ​ហាឡាល​លើក​ទី៣​ នៅ​ទីក្រុង​បាងកក ប្រទេសថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដែលបាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​វិទ្យាសាស្ត្រ​ហាឡាលថៃ សហការ​ជាមួយ​ក្រុមប្រឹក្សា​កណ្តាល​ឥស្លាម​ប្រទេសថៃ និងមាន​ភ្ញៀវជាថ្នាក់​ដឹក​នាំ​មកពីបណ្ដាប្រទេសអាស៊ាន និង អន្តរជាតិចំនួន៦០ ប្រទេស និង ថ្នាក់ដឹកនាំជួរ​រាជរដ្ឋាភិបាល ឥស្សរជន ក្រុមហ៊ុន វិនិយោ​គិន សហគ្រាស​ដែលធ្វើការ​លើ​វិស័យ​ផលិតផល​​ហាឡាល សហគ្រិន ធុរកិច្ចជន និងបញ្ញាវន្ត ចំនួន​ប្រមាណ៦០០០នាក់។

លោកបណ្ឌិត ផាស៊ូ ឡាហាជុន តំណាងរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា​ នាយករដ្ឋមន្ត្រីថៃ បានថ្លែងក្នុង​ថាបើក​នៃសន្និសីទអន្តរជាតិហាឡាល​លើកទី៣ថា កំណើន​នៃការនាំផលិតផលហាឡាល​ទៅកាន់​បណ្តា​ប្រទេស​ Organization of Islamic Cooperation (OIC) ទាំង៥៧ប្រទេស និងកំណើននៃ​ការ​នាំចូល​ភ្ញៀវទេសចរ ពិតជាបានបង្កើនសេដ្ឋកិច្ច​របស់​ប្រទេសថៃ។

លោកបណ្ឌិត វីណៃ ឌះឡាន នាយកស្ថាបនិក​នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រហាឡាល់បានថ្លែង ពីសារៈសំខាន់​របស់​ទំនិញ​ហាឡាល ដែលរួមមានម្ហូបអាហារ សម្ភារ​ប្រើប្រាស់​ដែលធានាដល់សុខភាព និង​សុខុមាលភាពរបស់​អ្នក​ទទួល​ទាន និងអ្នកប្រើប្រាស់ទូទៅ ពិសេសដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាព​នៃការ​ប្រកួត​ប្រជែង​ក្នុង​សហគមន៍​សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។

លោកបានថ្លែងថា សម្រាប់ឆ្នាំកន្លងទៅ​ទីផ្សារនាំចេញអាហារ​ហាឡាល​​ពិភព​លោក​​មានចំនួនដល់ទៅ ៣លានលាន ដុល្លារសហរដ្ឋអាមេរិក (3Trillion USD) ហើយសម្រាប់ប្រទេសថៃ មកដល់​ពេល​នេះ បាន​ផលិតផលិតហាឡាលប្រមាណជាង ១២០,០០០មុខ សម្រាប់ប្រើប្រាស់នៅក្នុងប្រទេស និង​នាំ​ចេញ​ទៅក្រៅ​ប្រទេស ពិសេសទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអ៊ឺរ៉ុប។ រីឯនៅ​ក្នុង​ប្រទេស​ថៃមាន​ភោជនីយ​ដ្ឋាន​​ហាឡាល​ចំនួនប្រមាណជាង ៣,៥០០ កន្លែង សម្រាប់បម្រើដល់ជនមុស្លិម និង​ពុំ​មែន​​មុស្លិម​​នៅក្នុងប្រទេស និងក្រៅប្រទេស។

លោក​បាន​បន្តថា ​សន្និសីទ​អន្តរជាតិ​ហាឡាល​នេះ គឺជាការៀបចំ​លើក​ទី៣ ដែលមាន​ការ​​តាំង​ពិព័រណ៌​ពីផលិតហាឡាល​ដោយ​មាន​​ការចូលរួមពីផលិតផលចំនួន ៣០០ស្តង់។

ឧកញ៉ា អូស្មាន ហាស្សាន់​  បានគាំទ្រ​ និង កោតសរសើរដល់​ភាព​ជោគជ័យ​របស់​ក្រុមប្រឹក្សាឥស្លាមថ្នាក់កណ្តាលប្រទសថៃ ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ហាឡាល និងវិទ្យាស្ថានស្តង់ដារ​ហាឡាលប្រទេសថៃ​ ក្នុងការ​ធ្វើឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេសមួយ ក្នុង​ចំណោម​ប្រទេសឈានមុខ ក្នុងការផលិតទំនិញហាឡាល។ ជាមួយគ្នា កម្ពុជាក៏នឹងក្លាយជាប្រទេសមួយ​ក្នុង​ចំ​ណោម​​ប្រទេសដែលមាន​កំណើន​សេដ្ឋកិច្ចតាមរយៈផលិតផល ទំនិញ និងម្ហូបអាហារហាឡាលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស នឹង​នាំ​ចេញ​​ទៅកាន់ពិភពលោក ជាពិសេសបណ្តាប្រទេស OIC ទាំង ៥៧ ប្រទេស។

លោកឧកញ៉ាបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេច​តែងតាំង​សមាស​ភាព​គណៈកម្មា​ធិ​ការ​​ត្រួត​​​ពិនិត្យ​ផលិត​​ផល​ហាឡាលកម្ពុជា ដោយមានកិច្ចសហការ​រវាងក្រសួងពាណិជ្ជកម្ម គណៈដឹក​នាំ​ជាន់​ខ្ពស់​នៃសាសនា​ឥស្លាម​កម្ពុជា និងបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីរៀបចំដំណើរការត្រួត​​​ពិនិត្យផលិតផល ទំនិញ និងម្ហូប​អាហារ​ហាឡាល​​សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស នឹង​នាំចេញ​ទៅកាន់ពិភពលោក ​ប្រកបដោយ​គុណ​ភាព ប្រសិទ្ធភាព និង​ទំនុកចិត្តខ្ពស់ ពីព្រោះហាឡាល ពិតជាមានសារៈសំខាន់ ចូលរួមចំណែកក្នុងការលើក​កម្ពស់​វិស័យសេដ្ឋ​កិច្ច​ជាតិ ក៏ដូចជាវិស័យ​ទេសចរណ៍​ផងដែរ។

លោករដ្ឋមន្រ្តី បានជម្រាបថា ថ្នាក់ដឹកនាំនៃ​ស្ថាប័ន​ហាឡាល​ប្រទេសថៃ ​និង ស្ថាប័នហាឡាលប្រទេសម៉ាឡេសុី បាន​នឹង​កំពុង​សហការ និងផ្តល់នូវជំនួយ​ជាបច្ចេកទេស ដល់គណៈកម្មា​ធិ​ការ​​ត្រួត​​​ពិនិត្យផលិត​ផល​​ហាឡាល​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យមាន​ស្ថាប័ន​ផ្តល់វិញ្ញាបនបត្រ​ហាឡាលជាផ្លូវការនៅកម្ពុជា ហើយបាន​សន្យា​ថា​នឹងសហការ​ជាមួយ​កម្ពុជា ក្នុង​ការ​រៀប​​ចំ​ការ​តាំងពិព័រណ៌ផលិតផលហាឡាលអន្តរជាតិនៅប្រទេសកម្ពុជាផងដែរ៕