(សេអ៊ូល)៖ ​នៅបន្ទាប់ពីសភាកូរ៉េខាងត្បូង បានសម្រេចអនុម័តនៅថ្ងៃសុក្រនេះលើសំណើដំណើរការនីតិវិធីទម្លាក់ លោកស្រីប្រធានាធិបតី ផាក គឺនហេ ពីតំណែង លោកស្រីផាកផ្ទាល់ បានសម្ដែងការសុំទោសជាថ្មីដល់ប្រជាជាតិកូរ៉េទាំងមូលចំពោះ «ការធ្វេសប្រហែស» ដែលបណ្ដាលឱ្យរឿងអាស្រូវឆយ ស៊ូនស៊ីល កើតឡើង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន AP​ នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

ការថ្លែងសុំទោស របស់លោកស្រីផាក ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយក្នុងពេលជាមួយគ្នាលោកស្រីបាន អះអាងថា លោកស្រីនឹងទទួលយកការសម្រេចចិត្ត របស់សភា ក៏ដូចជា តុលាការធម្មនុញ្ញ ព្រមទំាងសម្លេងប្រជាជនកូរ៉េខាងត្បូង ដែលទាមទារឱ្យលោកស្រីចុះចេញពីមុខតំណែង។

សូមជំរាបថា នៅក្នុងកិច្ចប្រជុំសភាពេញអង្គ សភាកូរ៉េខាងត្បូង បានយល់ព្រមបោះឆ្នោត គាំទ្រឱ្យលោកស្រីផាក ចុះចេញពីមុខតំណែងក្នុងសំឡេង២៣៤ ទល់នឹង៥៦ នៃសំឡេងតំណាងរាស្ត្រសរុប ៣០០។ ដូច្នេះវាមានន័យថា លោកស្រី នឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការ នៅក្រោយពេលតុលាការធម្មនុញ្ញ ផ្ដល់សុពលភាពលើការបោះ ឆ្នោតលើនីតិវិធីនេះ យ៉ាងយូររយៈពេល១៨០ថ្ងៃ។ ចំណែក​ឯ ក្នុងពេលបច្ចុប្បន្ន លោកស្រីនឹងត្រូវគេព្យួរអំណាច ខណៈនាយករដ្ឋមន្ត្រី លោក វ៉ាង ឃ្យូអាន់ (Hwang Kyo-ahn) នឹងត្រូវកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន រហូតដល់តុលាការធម្មនុញ្ញសម្រេចថាតើលោកស្រីផាក គួរតែចុះចេញពីតំណែង ឬក៏យ៉ាងណា៕