(ប៊ុយដាប៉ែស)៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធឺ ស៊ីយ៉ាតូ (Peter Szijjarto) បានប្រកាសកាលពីថ្ងៃពុធថា ហុងគ្រីបានស្នើជាផ្លូវការឲ្យសហភាពអឺរ៉ុប (EU) ដាក់មន្ត្រីយោធាអ៊ុយក្រែនជាន់ខ្ពស់ចំនួន ៣រូប ចូលទៅក្នុងបញ្ជីទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ការស្នើនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហុងគ្រីចាត់ទុកថា ជាអំពើហិង្សាក្នុងការកេណ្ឌទ័ពនៅអ៊ុយក្រែន ជាពិសេសបន្ទាប់ពីការស្លាប់របស់បុរសជនជាតិហុងគ្រីម្នាក់ នៅក្នុងឧបទ្ទវហេតុ នៃការកេណ្ឌទ័ពមួយនៅតំបន់ Transcarpathia របស់អ៊ុយក្រែន។
លោក ស៊ីយ៉ាតូ បានចាត់ទុកសកម្មភាពកេណ្ឌទ័ពរបស់អ៊ុយក្រែនថាជា «ការតាមប្រមាញ់មនុស្ស» ហើយបានអះអាងថា មានករណីវាយដំ ឬធ្វើទារុណកម្មលើអ្នកដែលបដិសេធមិនចូលបម្រើកងទ័ព។ ភាគីហុងគ្រីបានអះអាងថា បុរសដែលបានស្លាប់នោះ ត្រូវបានគេចាប់ខ្លួន និងវាយដំដោយដំបងដែក។
រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះ ក៏បានរិះគន់មេដឹកនាំអឺរ៉ុបផងដែរ ដែលលោកចោទថាបាន «ព្រងើយកន្តើយ» ចំពោះស្ថានភាពដែលមិនអាចទទួលយកបាននេះ។
គួរបញ្ជាក់ថា ហុងគ្រីតែងតែជំទាស់នឹងការបើកកិច្ចចរចាឲ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប ដោយបានលើកឡើងពីក្តីបារម្ភជុំវិញសិទ្ធិរបស់ជនជាតិភាគតិច និងការប្រព្រឹត្តមកលើជនជាតិហុងគ្រីនៅក្នុងតំបន់ Transcarpathia របស់អ៊ុយក្រែន៕