(ប៉េកាំង)៖ “ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆមាសទីមួយឆ្នាំនេះ មានចំនួនលើសពី៦៦ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។” កាលពីថ្ងៃទី១៥ ខែកក្កដា រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយទិន្នន័យសេដ្ឋកិច្ចចិននៅឆមាសទីមួយនៃឆ្នាំ២០២៥ ។ សេដ្ឋកិច្ចជាតិចិនបានទប់ទល់នឹង កម្លាំងសម្ពាធនិងពុះពារឧបសគ្គ បានដំណើរការដោយនឹងនរជាទូទៅ និងអភិវឌ្ឍយ៉ាងល្អប្រសើរនិងប្រកបដោយស្ថិរភាព។

បើមើលពីទិន្នន័យក្នុងវិស័យគន្លឹះដូចជាពាណិជ្ជកម្មអន្តរជាតិ ការប្រើប្រាស់និងហិរញ្ញវត្ថុជាដើមដែលរដ្ឋាភិបាលចិន បានប្រកាសនៅពេលថ្មីៗកន្លងទៅនេះ អាចឃើញពីភាពកក់ក្តៅនិងសញ្ញាវិជ្ជមានជាច្រើន នៃការដំណើរការសេដ្ឋកិច្ចប្រទេសចិន។ តាមទិន្នន័យពាណិជ្ជកម្មអន្តរជាតិដែលរដ្ឋបាលគយប្រទេសចិន បានប្រកាសកាលពីថ្ងៃទី១៤ខែកក្កដាឱ្យដឹងថា ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញនៃប្រទេសចិន នៅឆមាសទីមួយឆ្នាំនេះមានចំនួន២០ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។ ការនាំចេញនាំចូលខាងពាណិជ្ជកម្មអន្តរជាតិសម្រេចបាន នូវកំណើនក្នុងរយៈពេល៧ត្រីមាសជាប់ៗគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងមានចំនួនលើសពី ១០ទ្រីលានយាន់ប្រាក់ចិន ក្នុងរយៈពេល៩ត្រីមាសជាប់ៗគ្នា។

ស្របពេលដែលពាណិជ្ជកម្មអន្តរជាតិ មានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ សក្តានុពលនៃតម្រូវការក្នុងស្រុក ក៏បានបញ្ចេញជាបន្តបន្ទាប់ដែរ កម្លាំងចលករនៃការប្រើប្រាស់ បានលេចចេញនិន្នាការទៅរកភាពនឹងនរ ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទិន្នន័យលក់រាយរបស់ចិនមានបួនលើកបានលើសពីការព្យាករណ៍ក្នុងទីផ្សារ។

ក្នុងវិស័យហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុដែលធូររលុងសមល្មម បានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះការអភិវឌ្ឍទៅរក ភាពល្អប្រសើរនៃសេដ្ឋកិច្ច ។ តាមទិន្នន័យថ្មីបំផុតនៃធនាគារប្រជាជនចិន បានបង្ហាញឱ្យដឹងថា នៅចុងខែមិថុនា ទំហំសហហិរញ្ញប្បទានសង្គមចិន និងសមតុល្យនៃបរិមាណផ្គត់ផ្គង់រូបិយវត្ថុ (M2) បានកើនឡើង៨,៩ភាគរយនិង៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ល្បឿនកំណើនបានកើនឡើង០,៨ភាគរយនិង២,១ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន។

ក្នុងវិស័យផលិតកម្ម នៅខែមិថុនា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម (PMI) របស់ចិន សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្មនិងសន្ទស្សន៍ PMI ចម្រុះគឺ៤៩,៧ភាគរយ ៥០,៥ភាគរយ និង៥០,៧ភាគរយដោយឡែកពីគ្នា សន្ទស្សន៍ធំៗទាំងបីសុទ្ធតែមានការកើនឡើងបើប្រៀបធៀបនឹងខែឧសភា ។ សញ្ញាវិជ្ជមាននៃវិស័យផលិតកម្ម ក៏បានបង្ហាញលើការពន្លឿនជំរុញការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មនិង ការរីកចម្រើនជាបន្តបន្ទាប់នៃកម្លាំងចលករថ្មីដែរ។

នៅឆមាសទីមួយឆ្នាំនេះ ចំនួនផលិតនិងលក់ដូររថយន្តរបស់ចិនសុទ្ធតែលើសពី១៥លានគ្រឿង ដែលបង្ហាញពីភាពធន់ នៃតួអង្គសេដ្ឋកិច្ចពិត ។ សមិទ្ធផលខាងបច្ចេកវិទ្យាដែលមានកម្មវិធី DeepSeek ជាតំណាងបានជំរុញ “បញ្ញាសិប្បនិម្មិត+”រីកចម្រើនទៅកាន់ខ្សែសង្វាក់ទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ចំណុះដំឡើង ម៉ាស៊ីនអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ បានកើនឡើង៥៦,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបង្ហាញថា ការឆ្ពោះទៅរកការធ្វើបរិវត្តកម្មកាបូនទាប និងបៃតងត្រូវបានពន្លឿន។

ប្រទេសចិនជាប្រទេសធំទី១ ខាងឧស្សាហកម្មកម្មន្តសាលលើទូទាំងពិភពលោក ចាប់ពី “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤” មក តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលជារៀងរាល់ឆ្នាំ សុទ្ធតែលើសពី៣០ទ្រីលានយាន់ប្រាក់ចិន បរិមាណផលិតផលិតផល ឧស្សាហកម្មសំខាន់ៗជាង២០០ប្រភេទ ជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោក។ ខណៈពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ សកលប្រឈមមុខនឹងការវាយប្រហារ សមត្ថភាពស្ដារឡើងវិញដោយខ្លួនឯងនិងសមត្ថភាព ជំនួសដោយខ្លួនឯង នៃខ្សែសង្វាក់ឧស្សាហកម្មរបស់ចិន ត្រូវបានបង្ហាញយ៉ាងពេញលេញ ដែលបានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កំណើនដ៏នឹងនរនៃការនាំចេញ ។ ការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ខាងឧស្សាហកម្មធ្វើឱ្យការនាំចេញ មានកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់។

បច្ចុប្បន្ននេះ ប្រឈមមុខនឹងបរិយាកាសខាងក្រៅដែលមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ សេដ្ឋកិច្ចចិនបានទប់ទល់នឹង កម្លាំងសម្ពាធ ផ្នែកផ្គត់ផ្គង់និងតម្រូវការត្រូវបានកែលម្អក្នុងពេលដំណាលគ្នា កម្លាំងផលិតកម្មគុណភាពថ្មី ត្រូវពន្លឿនការពូនជ្រំ មូលដ្ឋានសម្រាប់ដំណើរការសេដ្ឋកិច្ចបន្តត្រូវពង្រឹង ហើយកម្លាំងចលករបាន ពន្លឿនការប្រមូលផ្តុំ ។ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចបានវិភាគថា ពិតមែនតែបរិយាកាសខាងក្រៅ នៅតែមាន ភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែទន្ទឹមនឹងប្រសិទ្ធភាព នៃគោលនយោបាយបានដើរតួនាទីជាបន្តបន្ទាប់ កម្លាំងរស់រវើកនិងកម្លាំងចលករ នៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន ត្រូវបានរំពឹងថានឹងត្រូវបំផុសថែមមួយកម្រិតទៀត សេដ្ឋកិច្ចរបស់ចិននឹងបន្តបញ្ចេញភាពធន់ និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា៕

វិទ្យុមិត្តភាពកម្ពុជាចិន