(សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិសប៉ុស្តិ៍ Andong បញ្ជាក់ថា «គ្រូបង្រៀនអាយុ ៣១ ឆ្នាំ និងម្តាយអាយុ ៤៨ឆ្នាំ បានសារភាពពីបទឧក្រិដ្ឋនេះ»។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិសសង្ស័យថា អ្នកទាំងពីរប្រហែលជាធ្លាប់ប្រព្រឹត្តអំពើលួចស្រដៀងគ្នាកាលពីមុន ដោយការសូកប៉ាន់រវាងគ្រូ និងម្តាយរបស់សិស្ស។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថា ជាប្រទេសផ្តោតការយកចិត្តទុកដាក់ខ្លាំងលើសមិទ្ធិផលសិក្សា ដោយការប្រឡងចូលមហាវិទ្យាល័យប្រចាំឆ្នាំ ត្រូវមានយន្តហោះហោះកាត់ អំឡុងពេលប្រឡងស្តាប់ភាសាអង់គ្លេស៕