(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី១៦ ខែកក្កដា អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានថា ប្រទេសដូចជា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Rutte បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់សព្វាវុធថ្មីៗដល់អ៊ុយក្រែន ហើយគំរាមកំំណត់ពន្ធ១០០ភាគរយ លើបណ្តាប្រទេសទាំងឡាយ ដែលទិញប្រេងពីរុស្ស៉ី ប្រសិនបើទីក្រុងមូស្គូ នៅតែមិនអាចសម្រេចឱ្យបាន កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបលោក ត្រាំ កាលពីថ្ងៃចន្ទ ហើយបានឯកភាពគ្នាជុំវិញចំណាត់ការថ្មីខាងលើ លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំលើកទឹកចិត្តឱ្យប្រទេសទាំង៣ ពិចារណាល្អិតល្អន់ចំពោះរឿងនេះ ព្រោះពួកគេអាចនឹងត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរ។ ហេតុនេះហើយចូរហៅទូរសព្ទទៅកាន់លោក វ៉្លាឌីមៀ ពូទីន (ប្រធានាធិបតីរុស្ស៉ី) ហើយប្រាប់លោក ពូទីន ថា ដល់ពេលដែលត្រូវប្រាកដប្រជាអំពីកិច្ចពិភាក្សាសន្តិភាពហើយ ព្រោះបើពុំដូច្នោះទេ ប្រេស៉ីល ឥណ្ឌា និងចិន ក៏នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរ»។
ជាចុងក្រោយ លោក Rutte បាននិយាយថា អឺរ៉ុបនឹងស្វែងរកថវិកាដើម្បីធានាថា អ៊ុយក្រែនអាចស្ថិតនៅជំហរដ៏ល្អប្រសើរបំផុត តាមតែធ្វើទៅបាន នៅក្នុងកិច្ចចរចាសន្តិភាព។ លោកបានឱ្យដឹងថា នៅក្រោមការព្រមព្រៀងគ្នាជាមួយលោក ត្រាំ សហរដ្ឋអាមេរិក ឥឡូវនេះនឹងចាប់ផ្តើមផ្តល់ការគាំទ្រសព្វាវុធ ក្នុងទ្រង់ទ្រាយធំឡើងវិញដល់អ៊ុយក្រែន ពោលគឺមិនមែនត្រឹមតែប្រព័ន្ធការពារដែនអាកាសទេ គឺព្រមទាំងមីស៉ីល គ្រាប់រំសេវ និងអាវុធផ្សេងៗទៀតផងដែរ ដែលរ៉ាប់រងចំណាយដោយក្រុមប្រទេសអឺរ៉ុប៕