(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៉ីរី នៅឯភាគខាចលិចប្រទេសស៉ីរី កាលពីថ្ងៃអង្គារសប្តាហ៍នេះដែលជាថ្ងៃទីពីរ ហើយប្តេជ្ញាការពារតំបន់គ្មានយោធា និងជនជាតិភាគតិច Druze បន្ទាប់ពីការប៉ះទង្គិចគ្នា បណ្តាលឱ្យមានអ្នកស្លាប់ នៅតំបន់ដែលជាប់ព្រំប្រទល់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។

អ្នករាយការណ៍ព័ត៌មានរបស់ Reuters បានឮសំឡេងយន្តហោះដ្រូន និងការវាយប្រហារ ៤លើកនៅទីក្រុង Sweida ដែលកន្លែងរស់នៅរបស់ជនជាតិភាគតិច Druze ខណៈដែលមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក។

ការកើនឡើងនៃអំពើហិង្សា សបញ្ជាក់ពីបញ្ហាប្រឈមចំពោះប្រធានាធិបតីបណ្តោះអាសន្ននៅស៉ីរី លោក Ahmed al-Sharaa ដែលជួបការលំបាកក្នុងការគ្រប់គ្រងតំបន់ក្បែរព្រំដែនអ៉ីស្រាអែល ចាប់តាំងពីការផ្តួលរំលំរបបលោក Bashar al-Assad ក្នុងខែធ្នូ។ អំពើហិង្សាបានបង្ហាញពីភាពតានតឹងផ្នែកនិកាយសាសនា និងការមិនទុកចិត្តក្នុងចំណោមក្រុមជនជាតិភាគតិច ចំពោះរដ្ឋាភិបាលកាន់សាសនាឥស្លាម និងបន្ទាប់ពីការសម្លាប់ដ៏រង្គាលលើក្រុមជនជាតិភាគតិច Alawites កាលពីខែមីនា។

តាមសារព័ត៌មាន Axios រដ្ឋបាលលោក ត្រាំ ប្រធានាធិបតីអាមេរិក បានស្នើឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារ លើកងកម្លាំងយោធាស៉ីរី។ ប៉ុន្តែការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែលធ្វើឡើង បន្ទាប់ពីមេដឹកនាំជនជាតិ Druze លោក Sheikh Hikmat al-Hajri ចោទប្រកាន់កងទ័ពរដ្ឋាភិបាលស៉ីរីថា បានរំលោភលើបទឈប់បាញ់ និងជំរុញឱ្យក្រុមអ្នកប្រយុទ្ធងើបឡើងប្រឈមមុខ នឹងអ្វីដែលលោកពិពណ៌នាថាជាការវាយប្រហារដ៏ព្រៃផ្សៃ៕