(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកជឿជាក់ថា ចក្រភពអង់គ្លេសមុខជានឹងជួយប្រយុទ្ធ ដើម្បីការពារសហរដ្ឋអាមេរិក ប៉ុន្តែបើនិយាយពីអង្គការ NATO ឬ សហភាពអឺរ៉ុប (EU) វិញនោះ គឺលោកពុំអាចថាឱ្យប្រាកដឡើយ ហើយវាក៏ជាហេតុផលចម្បងមួយផងដែរ ដែលលោកមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជា​ពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។

លោក ត្រាំ បាននិយាយដូច្នេះថា «បញ្ហាមួយជាមួយ NATO គឺយើងត្រូវជួយប្រយុទ្ធដើម្បីពួកគេ ប៉ុន្តែតើពួកគេនឹងពិតជាជួយប្រយុទ្ធ ដើម្បីយើងដែរឬក៏អត់ ប្រសិនបើយើងមានសង្រ្គាម។ ខ្ញុំមិនអាចនិយាយឱ្យប្រាកដឡើយចំពោះចំណុចនេះ ប៉ុន្តែខ្ញុំជឿជាក់ថា អង់គ្លេសនឹងជួយប្រយុទ្ធជាមួយយើង»។ ក្នុងចំណោមសមាជិកទាំង៣២របស់ NATO គឺ២៣ប្រទេស ក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរ។ លោក ត្រាំ បានបន្តថា រឿងនេះហើយដែលជាកត្តាមួយ ជំរុញឱ្យរូបលោកចុះកិច្ចព្រមព្រៀងពន្ធគយមុនគេ ជាមួយអង់គ្លេស។ ផ្ទុយមកវិញ លោកបានគំរាមយកពន្ធ៣០ភាគរយលើ​ទំនិញមកពីសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា តែមួយលើកគត់ដែលមាត្រា៥របស់ NATO គឺបន្ទាប់ពីសហរដ្ឋអាមេរិក រងការវាយប្រហារភេរវកម្មយ៉ាងកក្រើក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មាត្រា ៥ ឬ Article 5 នោះ ជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាដែលបង្កើតបក្សសម្ព័ន្ធយោធានេះឡើង ដោយវាកំណត់ថា ការវាយប្រហារលើសមាជិកមួយ ស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់៕