(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នាពេលថ្មីៗ បន្ទាប់ពីកីឡាករ-កីឡាការិនីធ្វើបានយ៉ាងល្អ ក្នុងការដណ្ដើមមេដាយមាសជូនជាតិ រហូតមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ បានក្រើនរំឮកដល់បណ្ដាប្រទេសផ្សេងៗ ឲ្យប្រុងប្រយ័ត្ន តាមរយៈការពោលពាក្យមួយឃ្លាយ៉ាងខ្លីថា «កុំភ្លេចថាកម្ពុជាចូលរួម»។
នេះបើតាមការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធ បន្តាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង(មាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២) ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក សំអុន បូរមី អគ្គលេខាធិការរងសហព័ន្ធ និងជាប្រតិភូដឹកនាំផ្ទាល់ បានបញ្ជាក់ថា ការប្រកួតជើងឯកតំបន់នេះ ជាបន្ទាត់វាស់ស្ទង់សមត្ថភាពអត្តពលិកគ្រប់បណ្ដាប្រទេស មុនបញ្ជូនទៅប្រកួតស៊ីហ្គេម ដែលកំណត់ក្នុងមួយវិញ្ញាសាចុះបានត្រឹម ២រូប ។ ដូច្នេះប្រទេសនីមួយៗ បានបញ្ជូនកីឡាករលំដាប់ៗមកចូលរួម រួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែលើកនេះ ក្រុមកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ពិសេសកីឡាករកូនកាត់ខ្មែរ-អាមេរិក ២រូប ដែលប្រើប្រាស់ពេលវេលាលឿនបំផុត ដើម្បីផ្ដួលដៃគូគ្រប់ការប្រកួត រហូតដណ្ដើមបានមេដាយមាស មិនមែនឈ្នះដោយពិន្ទុឡើយ។
លោកថា កីឡាករខ្មែរ-អាមេរិក ២រូប គឺ អូប៉េរ៉ាណា ខៃមុនី រីឆាវឌ្ឍ និង អូម ហ្វេលវីល្លាម ពួកគេធ្វើបានល្អលើសពីការរំពឹង ដោយឈ្នះមេដាយមាសម្នាក់ ១គ្រឿង បន្ទាប់ពីវាយគូប្រកួតឲ្យបោះបង់ការប្រកួតទាំងអស់ ។ ការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជា ជាមួយការធ្វើបានដ៏អស្ចារ្យនេះ បានធ្វើឲ្យអន្ដរជាតិចោលភ្នែកមកលើកម្ពុជាខ្លាំងមែនទែន ពិសេស ខៃមុនី បន្ទាប់ពីផ្ដួលម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ថៃយ៉ាងងាយស្រួល ក្នុងប្រភេទទម្ងន់ក្រោម ៦២គីឡូក្រាម។ ការណ៍នេះ ពួកគេនឹងមានភាគរយខ្ពស់ ដើម្បីចូលរួមការប្រកួតស៊ីហ្គេមចុងឆ្នាំនេះ។
ក្រៅពីកីឡាករកូនកាត់ទាំង ២ ក៏មានកីឡាករ-កីឡាការិនីក្នុងស្រុកផ្សេងទៀត ធ្វើបានយ៉ាងល្អផងដែរ ជាក់ស្ដែងកីឡាករ មឿនលីម សុបញ្ញា ដែលឈ្នះមេដាយមាស ១ និងប្រាក់ ១។ សម្រាប់មេដាយមាស បញ្ញា បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតគ្រប់ការប្រកួតទាំងអស់ ។ តាមរយៈការបង្ហាញគុណផលដ៏ភ្ញាក់ផ្អើលនេះ លោកសង្ឃឹមថា កម្ពុជាមានក្ដីរំពឹងខ្ពស់ ក្នុងការដណ្ដើមមេដាយមាសស៊ីហ្គេម លើកទី៣៣ ហើយក៏ជាក្ដីរំពឹងឆ្ពោះទៅប្រជែងមេដាយកីឡាអាស៊ី ផងដេរ ពិសេសកីឡាករ ខៃមុនី និង វីល្លាម ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងមេដាយកម្រិតទ្វីប។
ទន្ទឹមជាមួយភាពជោគជ័យខាងលើ លោក ថោង បញ្ញាធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខំប្រឹងរបស់ក្រុមការងារគ្រូ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា ។ លោកថា បេសកកម្មលើកនេះ កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ដ្រ តែបើធៀបនឹងបណ្ដាប្រទេសផ្សេងៗ គឺកម្ពុជាតិចជាងគេច្រើនណាស់ ដ្បិតប្រទេសខ្លួនបញ្ជូនជិត ១០០នាក់ ឬជាង ១០០នាក់ តែកម្ពុជាបញ្ចូនត្រឹម ១៨នាក់ ។ ដូច្នេះលទ្ធផលទទួលបានមេដាយ ២៩គ្រឿង គឺជាមិទ្ធផលដ៏អស្ចារ្យសម្រាប់សហព័ន្ធ ហើយអន្ដរជាតិក៏ភ្ញាក់ផ្អើលផងដែរ។
ប្រធានស្ដីទីសហព័ន្ធដដែលបន្ដថា «ខ្ញុំបទជជែកជាមួយមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូប្រចាំអាស៊ាន និងអាស៊ី ដែលបានចូលរួមគ្រប់គ្រង និងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយមានមន្ដ្រីខ្លះ គាត់ធ្វើការនៅសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ ។ គាត់បានប្រាប់ថា ក្រុមជម្រើសជាតិកម្ពុជា ធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងព្រឹត្តិការណ៍នេះ រហូតគាត់លើកឡើងថា កុំឲ្យភ្លេចថា កម្ពុជាចូលរួម មានន័យថា គេបានទទួលស្គាល់ពីភាពខ្លាំង ក៏ដូចជាភាពរីកចម្រើននៃវិស័យកីឡាជឺជីតស៊ូកម្ពុជាយើង ។ នេះគឺជាមោទនភាព ហើយក៏ការចង់បានរបស់សហព័ន្ធ ដែលមានការទទួលស្គាល់ពីអន្ដរជាតិផងដែរ»៕