(ឡាហាវ៉ាន)៖ រដ្ឋមន្ត្រីក្រសួងការងារនៅក្នុងប្រទេសគុយបា បានលាលែងចេញពីតំណែង កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា បន្ទាប់ពីបានអះអាងថាក្នុងប្រទេសគុយបាមិនមាន អ្នកសុំទាននោះទេ មានតែអ្នកបន្លំខ្លួនធ្វើជាអ្នកសុំទាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គុយបាដែលបានជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងអតិផរណា និងការខ្វះខាតស្បៀងអាហារ រហូតដល់បង្ខំឱ្យមនុស្សមួយចំនួនក្លាយខ្លួនជាអ្នកសុំទាន ឬដើររើសអាហារក្នុងធុងសំរាមយកមកបរិភោគ។ ទិដ្ឋភាពបែបនេះភាគច្រើនកើតឡើងក្នុងរដ្ឋធានីឡាហាវ៉ានតែម្ដង។ រដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Marta Elena Feito បានទទួលស្គាល់កំហុស និងបានដាក់លិខិតលាលែងចេញពីតំណែង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋគុយបា។
គួរបញ្ជាក់ថា ភាពចម្រូងចម្រាសបានកើតឡើង បន្ទាប់ពីលោកស្រី Feito បានប្រាប់គណៈកម្មាធិការមួយរបស់សភាគុយបាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះអំពីវិធានាការដោះស្រាយ ភាពក្រីក្រថាក្រុមមនុស្សដែលរើសចំណីអាហារពីធុងសំរាមមកបរិភោគ តាមពិតជាអ្នកបន្លំខ្លួនធ្វើជាអ្នកសុំទាន។ លោកស្រីបានគូសបញ្ជាក់ដូច្នេះថា «នៅពេលអ្នកសម្លឹងមើលដៃ របស់ពួកគេ នៅពេលអ្នកសម្លឹងមើលខោអាវដែលមនុស្សទាំងនោះស្លៀក តាមពិតពួកគេបន្លំធ្វើជាអ្នកសុំទាន។ ពួកគេមិនមែនជាអ្នកសុំទានទេ។ នៅគុយបាគ្មានអ្នកសុំទានទេ»។
ក្រោយការលើកឡើងនេះ អ្នកលេងបណ្ដេញទំនាក់ទំនងសង្គមក្នុងប្រទេសគុយបាបានផ្ទុះកំហឹង ដោយអ្នកខ្លះបានបង្ហោះរូបភាពជនក្រីក្រកំពុងរើសចំណីក្នុងធុងសំរាមមកបរិភោគ ខណៈអ្នកជំនាញសេដ្ឋកិច្ចឈ្មោះ Pedro Monreal បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ថាមានមនុស្សបន្លំខ្លួនធ្វើជារដ្ឋមន្ត្រី នៅក្នុងប្រទេសគុយបា៕