(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះបានប្រតិកម្មយ៉ាងត្រជាក់ៗ ចំពោះការព្រមានរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន ដោយបាននិយាយថា ការសម្រេចចិត្តថ្មីៗរបស់ប្រធានាធិបតីអាមេរិក និងអង្គការណាតូ នឹងត្រូវបានទីក្រុងកៀវបកស្រាយថាជាសញ្ញាឲ្យបន្តសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកគឺធ្ងន់ធ្ងរណាស់... យើងពិតជាត្រូវការពេលវេលាដើម្បីវិភាគ»។ ទោះយ៉ាងណា លោកបានបន្ថែមថា ការសម្រេចចិត្តទាំងនេះ ត្រូវបានអ៊ុយក្រែនមើលឃើញថាជាសញ្ញាឲ្យបន្តសង្គ្រាម មិនមែនជាសញ្ញាដើម្បីសន្តិភាពនោះទេ។
ប៉ុន្តែមន្ត្រីរុស្ស៊ីជាន់ខ្ពស់ពីររូបផ្សេងទៀត បានប្រើពាក្យសម្តីធ្ងន់ៗ។ អតីតប្រធានាធិបតី លោក Dmitry Medvedev បាននិយាយថា រុស្ស៊ីមិនខ្វល់ពី «ឱសានវាទបែបល្ខោន» របស់លោក ត្រាំ នោះទេ ខណៈដែលមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ទៀត បានលើកឡើងថា ការដាក់ឱសានវាទមកលើទីក្រុងមូស្គូ គឺជារឿងដែលមិនអាចទទួលយកបាន និងគ្មានបានការ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្នុងជំនួបជាមួយអគ្គលេខាធិការណាតូ លោក ត្រាំ បានប្រកាសពីការផ្តល់អាវុធថ្មីដល់អ៊ុយក្រែន និងបានគំរាមដាក់ពន្ធរហូតដល់ ១០០% លើប្រទេសដែលទិញទំនិញពីរុស្ស៊ី ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល ៥០ថ្ងៃ។ លោក ត្រាំ ដែលចង់បង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» បាននិយាយថា លោកមានការ «ខកចិត្ត» ចំពោះលោក ពូទីន៕