(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានថ្លែងនៅថ្ងៃអង្គារនេះថា សន្និសីទអង្គការសហប្រជាជាតិមួយដែលត្រូវបានលើកពេល នឹងពិភាក្សាពីផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្គ្រាម និងត្រៀមលក្ខណៈសម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេសបារាំង និងប្រទេសដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។

លោក Barrot បានបញ្ជាក់ថា «គោលបំណងគឺដើម្បីរៀបចំគម្រោងសម្រាប់ហ្គាហ្សាក្រោយសង្គ្រាម និងត្រៀមខ្លួនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។

គួរបញ្ជាក់ថា សន្និសីទនេះដែលរួមគ្នាដឹកនាំដោយបារាំង និងអារ៉ាប៊ីសាអូឌីត ត្រូវបានលើកពេលពីខែមិថុនា ដោយសារសម្ពាធពីអាមេរិក និងសង្គ្រាមផ្លូវអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ ហើយត្រូវបានកំណត់ពេលឡើងវិញនៅថ្ងៃទី២៨-២៩ ខែកក្កដា។

ទោះជាយ៉ាងណា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលធ្លាប់បានបង្ហើបថាអាចនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ឥឡូវនេះត្រូវបានគេរំពឹងថានឹងមិនចូលរួមនោះទេ ដែលកាត់បន្ថយលទ្ធភាពនៃការប្រកាសធំៗណាមួយ។ លោក ម៉ាក្រុង ក៏កំពុងប្រឈមនឹងការប្រឆាំងពីសម្ព័ន្ធមិត្តដូចជាអង់គ្លេស និងកាណាដាផងដែរ ចំពោះការជំរុញនេះ៕