(ប៉េកាំង)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានជួបពិភាក្សាការងារជាមួយ លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅវិមានសភាប្រជាជន ក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីគួរតែអនុវត្តគំនិតឯកភាពដ៏សំខាន់រវាងខ្ញុំ និងលោកPutin ប្រធានាធិបតីរុស្ស៊ី ធ្វើឱ្យស៊ីជម្រៅនូវការកសាង ទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ី រួមសាមគ្គីជាមួយបណ្តាប្រទេសសកលខាងត្បូង ដើម្បីជំរុញឱ្យ សណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅរកទិសដៅប្រកបដោយសច្ចយុត្តិធម៌ និងសមហេតុផល។ អង្គការសហប្រតិបត្តិការសៀងហៃ ជាអង្គការសហប្រតិបត្តិការចម្រុះ ក្នុងតំបន់ដែលរួមគ្នាបង្កើតឡើងដោយប្រទេសចិននិងរុស្ស៊ី។
ភាគីទាំងពីរគួរតែគាំទ្រគ្នាទៅវិញទៅមក ក្តាប់ជាប់ទិសដៅអភិវឌ្ឍន៍របស់អង្គការសហប្រតិបត្តិការសៀងហៃ និងធ្វើឱ្យវេទិកាយុទ្ធសាស្ត្រនេះមានឥទ្ធិពលជាក់ស្តែង និងខ្លាំងក្លា។
ជាការឆ្លើយតប លោក Lavrov បានថ្លែងថា រុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយរំពឹងទុករក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយចិន ក្នុងឆ្នាំដ៏សំខាន់នេះដែលជាខួបលើកទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកក្នុងគ្រប់វិស័យ ក៏ដូចជារក្សាការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងតំបន់ ដើម្បីជំរុញសន្តិភាព និងស្ថិរភាពពិភពលោក និងតំបន់។ រុស្ស៊ីនឹងគាំទ្រយ៉ាងសកម្មចំពោះការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេនអង្គការសហប្រតិបត្តិការសៀងហៃ៕
វិទ្យុមិត្តភាពកម្ពុជាចិន