(បាដាដ)៖ ការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង បានបង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្អាកប្រតិបត្តិការរបស់ខ្លូន នៅទីតាំងផលិតប្រេងក្នុងតំបន់ស្វយ័តឃឺដ ប្រទេសអ៉ីរ៉ាក់ នាថ្ងៃអង្គារ​ ទី១៥ ខែកក្កដានេះ ចំពេលមានរលកនៃការវាយប្រហារស្រដៀងគ្នានេះ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងធនធានធម្មជាតិនៃតំបន់ស្វយ័តឃឺដ បានឱ្យដឹងថា អណ្តូងប្រេង Sarsang ក្នុងខេត្ត Duhok បានរងការវាយប្រហារ។ HKN Energy ដែលជាក្រុមហ៊ុនអាមេរិក បាននិយាយថា ការផ្ទុះកើតឡើងនៅវេលាម៉ោងប្រហែល ៧ព្រឹក នៅឯរោងចក្រផលិតរបស់ខ្លួននៃអណ្តូងប្រេង Sarsang។ ប្រតិបត្តិការនៃរោងចក្រ ត្រូវផ្អាកជាបណ្តោះអាសន្នសិន រហួតដល់មានសុវត្ថិភាពឡើងវិញ។

គួរបញ្ជាក់ថា មួយថ្ងៃមុន ក៏មានការ​វាយ​ប្រហារ​ដោយ​ដ្រូន​៣គ្រឿង នៅ​ខេត្ត Irbil ដែលនៅជាប់នឹងតំបន់ស្វយ័តឃឺដនេះផងដែរ ដោយដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតអាកាសយានដ្ឋាន Irbil ដែលមានកងទ័ពអាមេរិកឈរជើង រីឯពីរគ្រឿងផ្សេងទៀត បានវាយប្រហារអណ្តូងប្រេង Khurmala បណ្តាលឱ្យខូចខាតសម្ភារ។ មិន​ទាន់​មាន​ការ​អះអាង​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​នោះ​ទេ។ ប៉ុន្តែកាលពីថ្ងៃទី៣ ខែកក្កដា អាជ្ញាធរឃឺដនិយាយថា ដ្រូនមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់ជិតអាកាសយានដ្ឋាន Irbil គឺជាស្នាដៃក្រុម Hashed Al-Shaabi ដែលជាអតីតទាហានប៉ារ៉ាគាំទ្រដោយអ៉ីរ៉ង់ ហើយឥឡូវនេះបានរួមបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធទូទៅ៕