(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា បាននិយាយថាការបង្កើនការធ្វើសកម្មភាពយោធារបស់ចិនអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខរបស់ខ្លួន ជាមួយការគូសបញ្ជាក់ពីការទទួលស្គាល់ជាលើកដំបូងពីការទន្ទ្រាញធ្វើឡើងដោយយន្ដហោះយោធាចិនមួយគ្រឿងក្នុងដែនអាកាសរបស់ខ្លួន នៅក្នុងការវាយតម្លៃពីការគំរាមកំហែងប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការពារជាតិជប៉ុន បាននិយាយនៅក្នុង «សៀវភៅស» ថាចិនបានបង្កើនការធ្វើសកម្មភាពក្នុងតំបន់ទាំងមូលនៅជុំវិញជប៉ុន។ តាមសៀវភៅសនេះដដែល យន្ដហោះយោធាចិនមួយគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់ជប៉ុន កាលពីខែសីហា ឆ្នាំ២០២៤ ហើយនៅខែកញ្ញា ឆ្នាំដដែលនាវាផ្ទុកយន្ដហោះចម្បាំងចិន មួយគ្រឿង និងនាវាចម្បាំង២គ្រឿង បានធ្វើដំណើរនៅចន្លោះកោះចំនួន២របស់ជប៉ុន ស្ថិតនៅក្បែរតៃវ៉ាន់។

នៅក្នុងសៀវភៅសរបស់ខ្លួន ក្រសួងការពារជាតិជប៉ុន ក៏បានអះអាងដែរថាយោធាចិនបានបង្កើតស្ថានភាពមួយដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ របស់ជប៉ុន ខណៈថាសកម្មភាពរបស់កូរ៉េខាងជើងបានបង្កការគំរាមកំហែងធ្ងន់ធ្ងរមិនធ្លាប់មាន និងបន្ទាន់ចំពោះសន្តិសុខជាតិរបស់ជប៉ុន។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងតូត្យូបានឱ្យដឹងថាយន្ដហោះចម្បាំងចិនបានហោះមកក្បែរយន្ដហោះល្បាតជប៉ុន នៅចម្ងាយ ៣០ម៉ែត្រ នៅឯតំបន់សមុទ្រចិនខាងកើត។ កាលពីឆ្នាំមុន ជប៉ុនចោទថានាវាចម្បាំងចិនបានធ្វើដំណើរក្បែរទីប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ចំនួន៣៥៥លើក។ ចំណែក កាលពីខែមិថុនាកន្លងទៅវិញ ជប៉ុនបាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង បានធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិកជាលើកដំបូង ក្នុងនោះរួមមាន ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុនផងដែរ។ តែចិនអះអាងថានេះជាការបណ្ដុះបណ្ដាលជាទម្លាប់ធម្មតាប៉ុណ្ណោះ៕