(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថាទីក្រុងប៉េកាំង និងទីក្រុងញូវដែលី គួរតែរួមគ្នាឆ្ពោះទៅរកការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-​ឈ្នះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌារបស់លោក គឺលោក Subrahmanyam Jaishankar។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Wang Yi ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសម្រង់សម្ដីមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា។ តាម Xinhua លោកប្រមុខការទូតចិនបានគូសបញ្ជាក់ដូច្នេះថា «ចិន និងឥណ្ឌាគួរតែដើរតាមទិសដៅឆ្ពោះទៅរកភាពជាអ្នកជិតខាងល្អ និងមិត្តភាព ហើយស្វែងរកការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងការរួមរស់នៅជាមួយគ្នាដោយសន្តិភាព ការអភិវឌ្ឍរួមគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-​ឈ្នះ»។

គួរបញ្ជាក់ថា ប្រមុខការទូតនៃប្រទេសទាំង២ បានជួបគ្នាកាលពីថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង ខណៈភាគីទាំងសងខាងកំពុងព្យាយាមជួសជុលទំនាក់ទំនងឡើងវិញ ក្រោយផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីឆ្នាំ២០២០។ ចិន និងឥណ្ឌា ជាប្រទេស២ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក កំពុងប្រជែងគ្នាកាន់តែខ្លាំង ដើម្បីដណ្ដើមឥទ្ធិពលក្នុងតំបន់អាស៊ីខាងត្បូង ហើយជម្លោះព្រំដែនមានប្រវែង ៣៥០០គីឡូម៉ែត្រគឺជាចំណុចស្នូលនៃភាពតានតឹង៕