(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់រុស្ស៉ីនៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឱ្យបិទបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ក្នុងពេល៥០ថ្ងៃ បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បាននិយាយថារូបលោកមិនសប្បាយចិត្តទាល់តែសោះជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាមួយការសង្កត់ធ្ងន់ថាលោកកំពុងអស់ ការអត់ធ្មត់ចំពោះការបដិសេធរបស់មេដឹកនាំរុស្ស៉ីក្នុងការបិទបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជាង ៣ឆ្នាំមកនេះ។ លោក ត្រាំ បានគូសបញ្ជាអំឡុង កិច្ចប្រជុំមួយនៅឯវិមានពងក្រពើនៃសេតវិមានជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ដូច្នេះថា «យើងនឹងដាក់ទណ្ឌកម្មដោយ យកពន្ធគយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើយើងមិនអាចមានកិច្ចព្រមព្រៀងមួយក្នុងពេល៥០ថ្ងៃទេនោះ ហើយការយកពន្ធគយនឹងស្ថិតក្នុងអត្រា១០០ភាគរយ»។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ សហរដ្ឋអាមេរិកក៏អាចនឹងយកពន្ធគយបន្ទាប់បន្សំលើបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ី ជាពិសេសប្រទេស ដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ីផងដែរ៕