(ម៉ាសាឈូសេត)៖ មនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ថាបានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅទីក្រុង Fall River រដ្ឋម៉ាសាឈូសេត កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលមនុស្សចាស់ជាច្រើនបានព្យាយាមស្រែកហៅរកជំនួយតាមមាត់បង្អួច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុង Fall River លោក Jeffrey Bacon បានប្រាប់អ្នកសារព័ត៌មានថា នៅពេលក្រុមការងារទៅដល់ ពួកគេបានឃើញអគ្គិភ័យកំពុងឆាបឆេះយ៉ាងខ្លាំងក្លា និងមានមនុស្សជាច្រើននាក់កំពុងតោងបង្អួចដើម្បីរង់ចាំការជួយសង្គ្រោះ។ លោកបានបញ្ជាក់ថា «ជាអកុសល មកដល់ពេលនេះយើងមានអ្នកស្លាប់ និងអ្នករងរបួសជាច្រើននាក់»។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសពិតប្រាកដនៅឡើយទេ ប៉ុន្តែសារព័ត៌មានខ្លះបានរាយការណ៍ថា មានមនុស្ស ៩នាក់ស្លាប់ ខណៈមន្ត្រីពន្លត់អគ្គិភ័យ ៥នាក់ ក៏បានរងរបួសស្រាលផងដែរ៕
អភិបាលក្រុង លោក Paul Coogan បានបន្ថែមថា មនុស្សចាស់ភាគច្រើននៅក្នុងមណ្ឌលនេះត្រូវការជំនួយដើម្បីអាចចេញពីអគារបាន ហើយក្រុមសង្គ្រោះបាន «ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព» ដើម្បីជម្លៀសពួកគាត់ចេញ៕