(បាងកក)៖ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍ (Nida) របស់ប្រទេសថៃ នាដើមខែកក្កដានេះ បានរកឃើញថា ជាង ៨០ភាគរយនៃអ្នកឆ្លើយតបនឹងសំណួរ គឺចង់ឱ្យនាយករដ្ឋមន្ត្រីព្យួរអំណាច លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ឬរំលាយសភា ខណៈដែលលោក Prayut Chan-o-cha គឺជាជម្រើសដ៏ល្អក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយការសែតBangkok Post នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ ២០២៥។
វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិតាមទូរស័ព្ទទៅលើមនុស្សចំនួន ១ ៣១០នាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែកក្កដា។ ក្នុងចំណោមអ្នកឆ្លើយតបនឹងសំណួរ មាន ៤២.៣៧ភាគរយចង់ឱ្យ លោកស្រី Paetongtarn លាលែងពីតំណែង ដើម្បីប្រទេសជាតិមាននាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២ភាគរយ អំពាវនាវឱ្យលោកស្រី រំលាយសភាដើម្បីរៀបចំការបោះឆ្នោតថ្មី ហើយ ០.៩៩ភាគរយចង់ឃើញរដ្ឋប្រហារ។
ការស្ទង់មតិដដែលក៏បានបង្ហាញថា មានតែ ១៥.០៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យ លោកស្រី Paetongtarn បន្តធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលសួរថាតើនរណាគួរតែមកជំនួសលោកស្រី Paetongtarn ក្រុមអ្នកឆ្លើយ ៣២.៨២ភាគរយ ពេញចិត្តនឹងលោក Prayut ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស United Thai Nation (UTN)។
គួរបញ្ជាក់ថា លោកស្រី Paetongtarn ត្រូវ បានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១ ខែកក្កដា ខណៈ សមាជិកព្រឹទ្ធសភាមួយក្រុម បានស្នើឱ្យដកលោកស្រីចេញពីកៅអីនាយករដ្ឋមន្ត្រី តែម្តង បន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្នុងពេលព្យួរតំណែងនេះផងដែរ៕