(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានគំរាមកំហែងថា នឹងដំឡើងពន្ធនាំចូល ៣០% លើទំនិញពីសហភាពអឺរ៉ុប (EU) និងប្រទេសម៉ិកស៊ិក ដោយចាប់ផ្តើមពីថ្ងៃទី១ ខែសីហាខាងមុខនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មជាមួយដៃគូធំៗទាំងពីរ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានប្រកាសពីការដំឡើងពន្ធនេះ តាមរយៈលិខិតផ្លូវការដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោក។ ជាការឆ្លើយតប សហភាពអឺរ៉ុប និងម៉ិកស៊ិក បានចាត់ទុកការដំឡើងពន្ធនេះថា «មិនយុត្តិធម៌» និង «បង្កការរាំងស្ទះ» ប៉ុន្តែបានប្តេជ្ញាបន្តការចរចា។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានថ្លែងថា លោកស្រីជឿជាក់ថាកិច្ចព្រមព្រៀងមួយអាចសម្រេចបាន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ការរក្សាភាពស្ងប់ស្ងាត់» និងការការពារ «អធិបតេយ្យភាព» របស់ប្រទេស។
គួរបញ្ជាក់ថា នេះគឺជាការធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកខឹងសម្បា និងបង្កជាកង្វល់ដល់វិនិយោគិន។ លោក ត្រាំ ក៏បានផ្ញើលិខិតស្រដៀងគ្នានេះ ទៅកាន់ដៃគូពាណិជ្ជកម្ម ២៣ផ្សេងទៀត រួមមានកាណាដា និងជប៉ុន ដោយកំណត់អត្រាពន្ធផ្សេងៗគ្នា។ ការដំឡើងពន្ធ ៣០% នេះ គឺបន្ថែមពីលើពន្ធដែលមានស្រាប់លើដែកថែប អាលុយមីញ៉ូម និងរថយន្ត។ ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបានកត់សម្គាល់ថា លោក ត្រាំ តែងតែប្រើការគំរាមដំឡើងពន្ធជាយុទ្ធសាស្ត្រចរចា ហើយអាចនឹងដកថយវិញនៅពេលក្រោយ៕