(វ៉ាស៊ីនតោន)៖ អង្គការណាតូ បានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រមុខរបស់ខ្លួន លោក ម៉ាក រូធើ (Mark Rutte) នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី១៤ និងថ្ងៃអង្គារ ទី១៥ ខែកក្កដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីការពារជាតិ លោក ភីត ហិចសេត (Pete Hegseth)។

គួរបញ្ជាក់ថា ទោះបីជាសេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ពីមូលហេតុ នៃដំណើរទស្សនកិច្ចនេះក្តី ប៉ុន្តែដំណើរទស្សនកិច្ចនេះកើតឡើងបន្ទាប់ពីលោក ត្រាំ បានថ្លែងក្នុងបទសម្ភាសន៍ថ្មីៗនេះថា សហរដ្ឋអាមេរិកអាចនឹងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនតាមរយៈអង្គការណាតូ។ លោក ត្រាំ ក៏បានបង្ហើបផងដែរថា លោកនឹងធ្វើ «សេចក្តីថ្លែងការណ៍ដ៏ធំមួយ» នៅថ្ងៃចន្ទ។ រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោក ត្រាំ បានបញ្ជូនត្រឹមតែអាវុធដែលត្រូវបានអនុញ្ញាតដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ប៉ុណ្ណោះ៕